Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ធ្វើពិធីសូត្រមន្តអបអរសារទរឆ្នាំថ្មី និងចុះសួរសុខទុក្ខចែកអំណោយដល់គ្រូពេទ្យ អ្នកជំងឺ កុមារកំព្រា និងជនពិការក្នុងសិប្បកម្មកីតម្បាញ

12-04-2019 15:26

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ពិធីសូត្រមន្តនេះ បានប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀតផងដែរ។

នៅក្នុងពិធីនេះ ក៏មានការសំដែងរបាំត្រុដិ និងនិមន្តព្រះសង្ឃសូត្រធម៌ប្រោះព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តទាំងអស់ សូមកើតមានដល់អ្នកឲ្យបានគ្រប់ៗគ្នា និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាឃុំគ្រង ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ។

នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តព្រះវិហារ ក៏បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ក្រុមគ្រួពេទ្យនៃមន្ទីរពេទ្យបង្អែក ១៦មករា ចែកអំណោយកាកបាតក្រហមកម្ពុជា ជូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក៏ដូចជាកុមារកំព្រា និងជនពិការក្នុងសិប្បកម្មកីតម្បាញសូត្រផងដែរ៕