Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រណ្ដាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣

13-04-2019 08:11

(ភ្នំពេញ)៖ រណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ បន្ថែមលើនេះត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន ហើយក្រៅពីនេះត្រូវរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

បន្ទាប់មក នៅវេលាម៉ោងដែលទេវតាចុះ មកត្រូវជួបជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះ នូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្ត នៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន៥ ធូប៥ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្ដគួររៀបឲ្យបានត្រឹម ៣ ឬ ៥មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។

នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ៕