អាជ្ញាធរខណ្ឌចំការមន អំពាវនាវប្រជាពលរដ្ឋបញ្ឈប់ការយកសំរាមមកចោល នៅតាមផ្លូវលូ១០៥ បឹងត្របែក
10-04-2019 09:38
(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌ ចំការមន ដឹកនាំដោយលោក ហាយ សិទ្ធី ប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ សាលាខណ្ឌចំការមន បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងឃ្លាំមើលបញ្ហាសំរាម នៅតាមផ្លូវលូ១០៥ បឹងត្របែក និងណែនាំប្រជាពលរដ្ឋកុំឲ្យយកសំរាមទៅបោះចោលគ្មានសណ្តាប់ធ្នាប់ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយ ផ្លូវលូលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
អាជ្ញាធរខណ្ឌចំការមន បានឲ្យដឹងថា មុនអាជ្ញាធរខណ្ឌ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងឃ្លាំមើលស្តីពីបញ្ហាសំរាម នៅតាមផ្លូវគឺហាមលែងឲ្យមានដាក់សំរាម នៅលើផ្លូវលូ១០៥នេះទៀត ហើយនៅក្នុងរង្វង់ចុះប្រតិបត្តិការនេះដែរ អាជ្ញាធរខណ្ឌ បានធ្វើការអប់រំប្រជាពលរដ្ឋ ដែលបានយកសំរាមមកចោលនៅលើផ្លូវ ដែលជាបញ្ហាប៉ះពាល់ដល់បរិស្ថាន និងអនាម័យប៉ះពាល់ ដល់សុខភាពអ្នកដែររស់នៅជុំវិញតំបន់នេះ។
ជាចុងក្រោយ អាជ្ញាធរខណ្ឌបានសំណូមពរ ប្រជាពលរដ្ឋបញ្ឈប់ការយកសំរាមមកចោល នៅលើផ្លូវនេះបន្តទៀត ហើយសំរាមរបស់អ្នកណា គឺដាក់នៅមុខផ្ទះអ្នក និងដើម្បីងាយស្រួល រថយន្តស៊ីនទ្រី មកប្រមូលយក ហើយបើសិនជាបងប្អូនណាមិនរាងចាល នៅតែបន្តការបោះសំរាមអត់សណ្ដាប់ធ្នាប់ទៀត ហើយអាជ្ញាធរចាប់បាននឹងធ្វើការផាកពិន័យតាមបទបញ្ជារបស់ ក្រសួងបរិស្ថានដែលបានកំណត់៕