Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចពិជ័យសេនា ទៀ បាញ់ ដាក់កំហិតឱ្យមន្ទីរបរិស្ថាន និងមន្ទីរកសិកម្មរួមគ្នា ការពារធនធានធម្មជាតិឱ្យខាងតែបាន

06-04-2019 12:01

(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់កំហិតយ៉ាងដាច់ណាត់ទៅលើមន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យខិតខំថែរក្សាបរិស្ថាន និងធនធានធម្មជាតិឲ្យបានគង់វង្ស និងបែកចែករវាងតំបន់អភិរក្ស និងតំបន់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានច្បាស់លាស់។

ការថ្លែងដូច្នេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាស និងប្រគល់ភារកិច្ចជូនក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលបានរៀបចំឡើងនារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅមជ្ឈមណ្ឌលស៊ូននឹង១ ក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា មន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម ត្រូវពិនិត្យមើលឲ្យស៊ីជម្រៅទៅលើបញ្ហាព្រៃឈើ បរិស្ថានធម្មជាតិ ដែលជាជម្រកសត្វព្រៃចម្រុះ និងមច្ឆាជាតិ។ ហេតុដូចនេះ ស្ថាប័ន២នេះ ត្រូវធ្វើការចែងចែកគោលដៅឲ្យច្បាស់លាស់ តើតំបន់ណាត្រូវ អភិរក្សតំបន់ណាត្រូវចែកជូនប្រជាពលរដ្ឋ? មិនត្រូវឲ្យអ្នកកាប់បំផ្លាញព្រៃឈើដើកាប់ទន្ទ្រានស្រេចតែចិត្តបានទេ គឺត្រូវតែថែរក្សាដែនជម្រកសត្វព្រៃ និងមច្ឆាជាតិឲ្យបាន។

សម្តេចពិជ័យសេនា ក៏បានលើកឡើងថា កាលពីសម័យរបប ប៉ុល ពត សម្ដេចបានរត់គេចពីខ្មែរក្រហមចូលព្រៃស្មាច់ ដែលមានដើមស្មាច់ធំៗ ដុះតាមដងព្រែកយ៉ាងច្រើនស្កេកស្កះ ពេលមេឃភ្លៀងខ្លាំង សម្ដេចបានយកសំបកស្មាច់មកទទូរទឹកភ្លៀង និងរុំខ្លួនកុំឲ្យរងា។ តែឥឡូវព្រៃស្មាច់ដែលសម្ដេចលាក់ខ្លួននោះ ត្រូវបានកាប់បំផ្លាញគ្មានសល់១ដើម រួមទាំងព្រៃកោងកាងដែលជាជម្រកមច្ឆាជាតិផងដែរ។

ហេតុដូច្នេះ សម្តេចបានបញ្ជាឲ្យស្ថាប័ន២ខាងលើនេះ ខិតខំថែរក្សាឱ្យបានគង់វង្ស ដាច់ខាតមិនត្រូវឲ្យជនខិលខូចកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឡើយ៕