Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកបណ្ឌិត លី ឆេង ធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំ» ជូនដល់សិស្ស-និស្សិត ២,៧០០នាក់ ក្នុងកម្មវិធីបោះជំរំអន្តរជាតិ IYF លើកទី៩

30-03-2019 14:57

(ភ្នំពេញ)៖ អង្គការសម័្ពន្ធយុវជនអន្តរជាតិ (IYF) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីបោះជំរំអន្តរជាតិ ប្រចាំឆ្នាំ២០១៩ ក្រោមប្រធានបទស្តីពី «ការអប់រំចិត្តយុវជន ឲ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌» ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ដោយមានសិស្ស-និស្សិត ចូលរួមប្រមាណ ២,៧០០នាក់ ហើយក្នុងនោះ ក៏មានសិស្ស-និស្សិតប៊ែលធី ចំនួនជាង១,៥០០នាក់ ចូលរួមផងដែរ។

កម្មវិធីបោះជំរំអន្តរជាតិនេះ ក៏មានការអញ្ជើញចូលរួមពី វាគ្មិនជាតិ-អន្តរជាតិសំខាន់ៗ រួមមាន លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ, លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ នៃអង្គការសម័្ពន្ធយុវជនអន្តរជាតិ, ឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងវាគ្មិនល្បីៗ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ នៃអង្គការសម័្ពន្ធយុវជនអន្តរជាតិ ក៏បានចូលរួមជាវាគ្មិនកិត្តិយស ធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំ_Leadership» ដោយផ្តោតលើចំណុចសំខាន់ៗ មួយចំនួនដូចជា៖

ទី១៖ និយមន័យនៃភាពជាអ្នកដឹកនាំ
ទី២៖ ប្រភពសំខាន់ៗទាំង ៣ប្រភេទរបស់អ្នកដឹកនាំ
ទី៣៖ ភាពខុសគ្នារវាងអ្នកដឹកនាំ និងអ្នកគ្រប់គ្រង
ទី៤៖ លក្ខណៈសម្បត្តិ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អប្រកបដោយសមត្ថភាព
ទី៥៖ កត្តាចម្បងៗ ដើម្បីដឹកនាំក្រុមហ៊ុន ឬស្ថាប័នឲ្យទទួលបានជោគជ័យ។

ទន្ទឹមគ្នានោះ លោកបណ្ឌិត លី ឆេង ក៏បានចែករំលែកបទពិសោធន៍ជោគជ័យផ្ទាល់ខ្លួន ក្នុងការដឹកនាំ ប៊ែលធី គ្រុប ពីម្នាក់ឯង រហូតមានបុគ្គលិកបម្រើការជាង ២,៥០០នាក់ ជាមួយនឹងអគារសិក្សាសាលា ប៊ែលធី អន្តរជាតិ ចំនួន ២២ទីតាំង ព្រមទាំងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន២ទីតាំង ជូនដល់សិស្ស-និស្សិតទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបោះជំរំជាអន្តរជាតិ (World Camp) លើកទី៩ នៅកម្ពុជាផងដែរ។

លោកបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ក្មួយៗសិស្ស-និស្សិតទាំងអស់ នឹងអាចយកចំណេះដឹង និងបទពិសោធន៍ទាំងអស់នេះ ធ្វើជាទន់សម្រាប់ពង្រឹងសមត្ថភាព និងធ្វើខ្លួនឲ្យសាកសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត៕