អាជ្ញាធរថៃ ប្រគល់ប្រជាពលរដ្ឋខ្មែរ៤នាក់មកវិញ ក្រោយជាប់ទោស២ឆ្នាំ ក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់ និងចូលកាប់ឈើគ្រញូង
25-03-2019 17:30
(ព្រះវិហារ)៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋខ្មែរ ចំនួន៤នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ ធ្វើការបញ្ជូនខ្លួនមកឲ្យអាជ្ញាធរកម្ពុជាវិញ នៅតាមមាត់ច្រកតំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីជាប់ឃុំឃាំង អស់រយៈពេល២ឆ្នាំក្នុងទឹកដីថៃ។
លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅវេលាម៉ោង០១៖០០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ អាជ្ញាធរថៃ បានបញ្ជូនខ្លួនពលរដ្ឋខ្មែរ៤នាក់ ដែលជាប់ឃុំឃាំង ក្នុងខេត្តអ៊ូ ប៊ុន មកឲ្យលោកអនុសេនីយ៍ឯក អ៊ុយ ស៊ីថា អនុប្រធានក្រុមទំនាក់ទំនង ច្រកតំបន់អានសេះ។
លោក ឱ សេង បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋខ្មែរទាំង៤នាក់នេះ ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រ ស្រុកណាំយឺន ខេត្តអ៊ូប៊ុន ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ តាមច្រកមុំ៣។
លោកបន្តថា ប្រជាពលរដ្ឋខ្មែរទាំង៤នេះ ទី១៖ ឈ្មោះ សួន សៀន ភេទប្រុស អាយុ១៩ឆ្នាំ, ទី២៖ ឈ្មោះ ឌិន ថេង ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរនាក់នេះ រស់នៅភូមិរលំថ្ម ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី៣៖ ឈ្មោះ តុប ហៃ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងទី៤៖ ឈ្មោះ ពៅ ភា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រោយពីបានធ្វើការអប់រំរួច សមត្ថកិច្ចបានឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយខ្លួនឯង៕