Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី លឹម គានហោ ចូលជួបពិភាក្សារជាមួយ​គណៈកម្មការទី៣ នៃរដ្ឋសភា ដើម្បីជម្រាបពីទិសដៅ និងផែកការការងាររបស់ក្រសួងធនធានទឹក

26-02-2019 12:47

(ភ្នំពេញ)៖​ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួងថ្នាក់រដ្ឋលេខាធិការ ដើម្បីជួបសំណេះសំណាលការងារជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា (គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក) និងជម្រាបអំពីទិសដៅ និងផែនការសកម្មភាពរបស់ក្រសួង សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា នៅវិមានរដ្ឋសភា។

ក្រោយពីលលោករដ្ឋមន្រ្តី បានជម្រាបជូនអំពីរចនាសម្ព័ន្ធក្រសួង បេសកកម្ម និងសមិទ្ធផលការងារ បញ្ហាប្រឈម និងវិធានការដោះស្រាយកន្លងមក និងបច្ចុប្បន្ន ក៏ដូចជាទិសដៅ និងផែនការសកម្មភាពលើវិស័យធនធានទឹក និងឧតុនិយមដែលមានជាអាទិ៍ ការអនុវត្តយុទ្ធសាស្ត្រពាងទឹក ការគ្រប់គ្រងអាងទន្លេ និងធនធានទឹកចម្រុះ ការព្យាករណ៍អាកាសធាតុ ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ការកសាងមូលដ្ឋានបច្ចេកទេស ការជំរុញលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាដើម។

បន្ទាប់ពីបានផ្លាស់ប្តូរមតិយោបល់គ្នារួចមក ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា លោក ជា វ៉ាន់ដេត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់របស់លោករដ្ឋមន្រ្តី ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងក្របខ័ណ្ឌវិស័យធនធានទឹក និងឧតុនិយម រហូតមកដល់ពេលនេះ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ និងបានសំដែងនូវក្តីសង្ឃឹម និងជំនឿ ជឿជាក់យ៉ាងមុតមាំថា តាមរយៈទិសដៅជាយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាអាទិភាពដែលក្រសួង បានដាក់ចេញសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងធ្វើវិស័យធនធានទឹក ដើរតួនាទីកាន់តែសំខាន់ថែមទៀត ក្នុងដំណើរទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។

កិច្ចជួបសំណេះសំណាល បានប្រព្រឹត្តិទៅក្រោមបរិយាកាសស្និតស្នាលជាភាតរៈ ក្នុងស្មារតីប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ សម្រាប់បន្តទ្រទ្រង់ និងជំរុញដំណើរការវិវឌ្ឍឈានឡើងរបស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងដោយចីរភាព៕