Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេធាវីរបស់លោក កឹម សុខា ប្រដៅលោក សម​ រង្ស៉ី រឿងយល់ច្រឡំផ្នែកច្បាប់ ចំពោះនីតិវិធីតុលាការលើករណី លោក កឹម សុខា(Video Inside)

19-02-2019 19:17

(ភ្នំពេញ)៖ លោកស្រី ម៉េង សុភារី មេធាវីរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រដៅដល់ទណ្ឌិត សម រង្ស៉ី ដែលបានយល់ច្រឡំចំពោះ នីតិវិធីតុលាការលើករណីលោក កឹម សុខា ដោយនៅតែយល់ថា លោក កឹម សុខា កំពុងបន្តជាប់ឃុំនៅឡើយ ប៉ុន្តែជាក់ស្តែង លោក កឹម សុខា គឺត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ដោយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

មេធាវីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «នេះគឺជាការយល់ច្រឡំ ហើយរហូតមកដល់ពេលនេះ ក៏នៅតែមានអ្នកយល់ច្រឡំលើនីតិវិធីនេះ។ បច្ចុប្បន្នលោក កឹម សុខា មិនបានជាប់ឃុំទេ ប៉ុន្តែលោក កឹម សុខា កំពុងតែបាត់សេរីភាពព្រោះជាប់បម្រាមតុលាការដូចរៀបរាប់ខាងលើ ។ ហេតុនេះបើចង់ឲ្យលោក កឹម សុខា មានសេរីភាពពេញលេញ យើងមិនទាមទារឲ្យនៅក្រៅឃុំទៀតទេ ព្រោះតុលាការឲ្យនៅក្រៅឃុំចាប់តាំងពីថ្ងៃទី៩.៩.២០១៨ រួចហើយ»

លោកស្រីបានបន្តថា ពេលនេះទោះជា លោក កឹម សុខា មិនមានសេរីភាពពេញលេញមែន ប៉ុន្តែការសម្តែងឆន្ទៈរបស់គាត់ អាចធ្វើឡើងតាមរយៈមេធាវីរបស់គាត់ ដែលគាត់ទុកចិត្ត ហើយគាត់ចង់បញ្ឈប់បេសកម្មមេធាវីនោះ ម៉ោងណាក៏បានដែរ បើមេធាវីនោះសម្តែងមតិផ្ទុយពីឆន្ទៈរបស់គាត់។

លោកស្រីបានពន្យល់ទៀតថា៖ «ខ្ញុំមិនចង់បកស្រាយចំណុចខាងលើទេ ចាប់តាំងពីឮលោក សម រង្សុី ភ្នាល់មក ព្រោះពេលបកស្រាយទៅប៉ះពាល់ដល់ប្រយោជន៍ លោក សម រង្ស៉ី ប៉ះពាល់ដល់ភាពអំនួតរបស់គាត់ និងកូនចៅផ្កាប់មុខរបស់គាត់ ខ្ញុំព្យាយាមស៊ូទ្រាំការមើលងាយរបស់លោកអ្នកដែរ តែលោកអ្នកផ្កាប់មុខនៅតែផ្គើនមើលងាយទៀត ហើយបើនៅតែមួលបង្កាច់ លាបពណ៌ទៀត និងមានការបរិយាយច្រើនទៀត»។

លោកស្រី បានបន្តថា៖ «តាំងពីចាប់ផ្តើមការភ្នាល់មកខ្ញុំមិនដែលសរសេរអ្វីប៉ះពាល់ដល់ផលប្រយោជន៍លោក សម រង្សុី ទេ មានតែសុំឲ្យគ្រប់ភាគីខ្មែរទាំងអស់ រកដំណោះស្រាយ ធ្វើអ្វីគិតដល់ប្រយោជន៍ពលរដ្ឋទាំងអស់គ្នា និងកុំឲ្យប៉ពាល់សិទ្ធិអ្នកដទៃ ហេតុអ្វីក៏លោកអ្នករង្សុីនិយមមិនយល់ ឬមួយមានចំណេះដឹងត្រឹមតែចេះជេរ និងអាជ័យធ្លាក់ទឹកហៃអើទេ ?»