រថយន្ដបែនដឹកថ្ម ដាច់ហ្វ្រាំងបុករះចូលផ្ទះប្រជាពលរដ្ឋ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួស៤នាក់ (Video inside)
09-02-2019 16:36
(ព្រះសីហនុ)៖ រថយន្ដបែនធុនធំដឹកថ្មពេញមួយគ្រឿង ដាច់ហ្វ្រាំងនៅពេលចុះចំណោត បានបុករះរថយន្ដ, ម៉ូតូ និងបន្ដទៅបុកចូលផ្ទះប្រជាពលរដ្ឋនៅជាយផ្លូវ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លើផ្លូវវិថីផែ ត្រង់ចំណុចកែងរ៉ា P4 ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយ រថយន្ដបែនដឹកថ្មី បើកបរក្នុងទិសពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើដាច់ហ្រ្វាំង ជ្រុលចូលទៅបុករថយន្តចំនួន០២គ្រឿង, ម៉ូតូ០៣គ្រឿង និងផ្ទះប្រជាពលរដ្ឋនៅជាយផ្លូវ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និង រងរបួសមនុស្សចំនួន០៤នាក់ ក្នុងនោះស្រី០២នាក់ បានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើ (ចំណែកអ្នកបើកបររថយន្តបង្ករងរបួសធ្ងន់)។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងតាមនីតិវិធី៕