Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលក្រុងប៉ោយប៉ែត ព្រមានចាត់វិធានការដល់ម្ចាស់រថយន្តដឹកអាចម៍ដីទាំងអស់ ដែលមិនគោរពការណែនាំរបស់រដ្ឋបាលក្រុង (Video inside)

08-02-2019 12:36

(បន្ទាយមានជ័យ)៖ លោក ទូច មុន្នី អភិបាលក្រុងប៉ោយប៉ែតស្តីទី និងលោក ម៉ែន សុភ័ណ្ឌ អភិបាលរងក្រុង និងមន្ត្រីក្រោមឱវាទ រួមទាំងកម្លាំងនគរបាលសង្កាត់ ប្រជាការភូមិជាច្រើននាក់ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានហាមឃាត់ និងអប់រំចំពោះក្រុមរថយន្តដឹកអាចម៌ដី នៅចំណុចរណ្តៅដី ប្រមាណជាង២០០គ្រឿង ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោក ទូច មុន្នី បានឲ្យដឹងថា បញ្ហាចំពោះក្រុមរថយន្តដឹកអាចម៍នេះ យើងឈប់បណ្តោយបែបនេះទៀតហើយ រដ្ឋបាលក្រុងប៉ោយប៉ែត នឹងចាត់ការចំពោះក្រុមរថយន្តដឹកអាចម៍ដីនេះ ព្រោះថ្មីៗ នេះបានបង្កលក្ខណៈប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បញ្ហាបរិស្ថាន បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ បញ្ហាខូចខាតដីផ្លូវលំ ផ្លូវគ្រួសម៉ិច និងបញ្ហាអាចម៍ដីធ្លាក់លើផ្លូវជាតិលេខ៥ បង្កឱ្យមានគ្រោះថ្នាក់ដល់ អ្នកបើកបយានយន្តគ្រប់ប្រភេទ បើមានមេឃភ្លៀងធ្វើផ្លូវជាតិលេខ៥ ចាប់ពីចំណុចចេញពីខ្លោងទ្វារអូរខៃដង រហូតដល់ដើមពោធិ៍លោកយាយម៉ៅ រអិលដួលម៉ូតូ រថយន្ត រហូតឈានដល់ការបុកគ្នាបង្កឱ្យមនុស្សម្នាជាច្រើននាក់គ្រោះថ្នាក់។

លោកបន្តថា ក្នុងនាមលោកតំណាងរដ្ឋបាលក្រុងប៉ោយប៉ែត សូមឱ្យម្ចាស់ទីតាំង ឬថៅកែ ត្រូវចេះគោរពច្បាប់ឱ្យបានត្រឹមត្រូវ ហើយរថយន្តដឹកអាចម៍ដី ចាប់ពីថ្ងៃនេះតទៅ គ្រោបទង់កៅស៊ូ ដាក់កុំហៀរអាចម៍ដី គោរពច្បាប់ចរាចណ៍ បើកបរប្រុងប្រយ័ត្ន ជៀងវាងបង្កគ្រោះថ្នាក់ដល់មនុស្សម្នាពុំបានដឹកអី។

លោកអភិបាលក្រុងស្តីទី ក៏បានអំពាវនាចំពោះអ្នក ដែលចាក់អាចម៍ដីបំពេញបរិវេណដីខ្លួនឯង ត្រូវមកសុំច្បាប់នៅច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត គ្រាន់តែកាន់ភ្ជាប់មកនៅអត្តសញ្ញាប័ណ្ណចំណង ឯកសារដី (ប្លង់) ទំហំដីត្រឹម១,០០០ម៉ែត្រការ៉េ បើឯកសារដី (ប្លង់)លើសពី១,០០០ម៉ែត្រការ៉េ ត្រូវសុំច្បាប់ដល់ថ្នាក់ខេត្ត។

លោកបានបញ្ជាក់ថា នេះជាលើដំបូង និងក៏ជាលើកចុងក្រោយដែរ ប្រសិនមិនគោរពការណែនាំ អប់រំទេក្នុងនាមរដ្ឋបាលក្រុង សមត្ថកិច្ចជំនាញនឹងចាក់ការតាមផ្លូវច្បាប់ ឬអាចចាត់ការដល់សាលាដំបូលខេត្តជាធរមាន។

ប្រជាពលរដ្ឋស្នើសុំឱ្យក្រុមអ្នកបើកបររថយន្តដឹកអាចម៍ដី ត្រូវបើកបរយឺតៗបន្តិច បាញ់ទឹកឱ្យបានញឹកៗបន្តិចផង៕