Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បន្តប្រចាំការត្រួតពិនិត្យទំនិញចំនួន៦ផ្សារ ក្នុងរាធានីភ្នំពេញ, ថ្ងៃនេះរកឃើញសាលីសាលិកអាស៊ីត នៅក្នុងជ្រក់កូនស្ពៃផ្សាដើមគរ ជិត២០គីឡូក្រាម

03-01-2019 17:21

(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ បន្តចុះប្រចាំការចំនួន៦ផ្សារ រួមមាន៖ ផ្សារអូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេត និងស្រាវជ្រាវ ទប់ស្កាត់ទំនិញខូចគុណ​ភាពមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់​ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។

ក្នុងនោះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា៖ គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច នៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទសំបកវេចខ្ចប់មិនត្រឹមត្រូវ។ល។ ដើម្បីពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពីសុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា។​

ជាលទ្ធផលបានរកឃើញសាលីសាលិកអាស៊ីត នៅក្នុងជ្រក់កូនស្ពៃផ្សាដើមគរ ត្រូវបានធ្វើការការដកហូតទម្ងន់១៨គីឡូក្រាម យកមកកំទេចចោលនៅនឹងកន្លែង ហើយឲ្យម្ចាស់ធ្វើកិច្ចសន្យាឈប់លក់ ជាបណ្តោះអាសន្នរហូតដល់កែប្រែគុណភាពហើយ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលដែលប្រចាំការគោលដៅផ្សារនីមួយៗ​ ក៏បានអំពាវនាវដល់អាជីវករផ្សារក៏ដូចជា តាមហាងលក់ទំនិញ​ទាំងអស់អាចយកទំនិញរបស់ខ្លួន ដែលសង្ស័យថា មានសារធាតុគីមី​ មកពិនិត្យដល់ទីតាំងគោលដៅបានគ្រប់ពេលម៉ោងប្រចាំការ​។ ចំពោះសកម្មភាពទាំងនេះ​គឺអនុវត្ត ទៅតាមការ​ណែ​នាំរបស់ឯកឧត្តមប្រធានប្រតិភូរាជ​រដ្ឋា​ភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល នឹងលោកប្រធានកាំកុងត្រូលរាជធានីភ្នំពេញ៕