Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ ថ្លែងអំណរគុណដល់សមត្ថកិច្ច ដែលយកចិត្តទុកដាក់ផ្លាស់ប្ដូរ និងចុះបញ្ជីសៀវភៅស្នាកនៅ សៀវភៅគ្រួសារជូនពលរដ្ឋ

03-01-2019 11:02

(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណចំពោះអធិការដ្ឋាននគរបាលខណ្ឌ ប៉ុស្ដិ៍រដ្ឋបាល និងអាជ្ញាធរសង្កាត់-ភូមិ ដែលបានយកចិត្តទុកដាក់ផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជី សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលគ្រប់គ្រង និងមានភាពងាយស្រួលប្រើប្រាស់តាមតម្រូវការ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ការថ្លែងអំណរគុណខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអភិបាលខណ្ឌឫស្សីកែវ បានយល់ឃើញពីសកម្មភាពយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ ដែលបានជំរុញឲ្យផ្នែកស្ថិតិ នគរបាលប៉ុស្ដិ៍ និងអាជ្ញាធរភូមិ សង្កាត់ នៅខណៈដែលបំពេញបែបបទរួចរាល់ជាស្ថាពរ បាននាំយកសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណចំនួន២៧សន្លឹក ទៅចែកជូនប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុមទី៣ ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាមួយការចែកជូនសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរនេះ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានថ្លែងថា អធិការដ្ឋានខណ្ឌ ជាទិសដៅនៅតែបន្តជម្រុញបន្ថែមទៀត ទៅលើសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ឲ្យយកចិត្តទុកដាក់កាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ឲ្យអស់នូវទូទាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីមានភាពងាយស្រួលគ្រប់គ្រង និងការប្រើប្រាស់តាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន៕​