Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូតកម្ពុជាថ្មី ប្រចាំនៅអេហ្ស៊ីប និងអ៊ីស្រាអែល ប្តេជ្ញាខិតខំបំពេញភារកិច្ច ជាតំណាងឲ្យកម្ពុជា នៅលើឆាកអន្តរជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ (Video Inside)

07-12-2018 11:14

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវេលាម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេសកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញ បេសកកម្មការទូតប្រចាំប្រទេសអេហ្ស៊ីប។

នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះ លោកដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានេះ សម្តេច បានផ្តាំផ្ញើចំពោះ លោកត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យបានល្អ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា ជាមួយនឹងប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។

សម្តេចបន្ដថា ដើម្បីសម្រេចបំណងនេះ ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អ ជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជន នៃប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ឲ្យបានល្អប្រសើរ។ បន្ថែមលើនេះ ត្រូវឲ្យគេយល់អំពី សភាពការណ៍ពិត នៅប្រទេសកម្ពុជា ដើម្បីទាក់ទាញឲ្យគេគាំទ្រប្រទេសកម្ពុជា ទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនជូនដល់ លោកឯកអគ្គរាជ ទូតត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់ អំពីសភាពការណ៍នៅកម្ពុជា ជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេស ដែលកំពុងបំពេញភារកិច្ច។

សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័ស ចំពោះសភាពការណ៍នយោបាយក្រៅប្រទេស ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ក្នុងការទាក់ទាញអ្នកវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជា ឲ្យបានកាន់តែច្រើន។

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេសកម្ពុជា ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល បានប្តេជ្ញានៅចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំបំពេញភារកិច្ច ជាតំណាងឲ្យកម្ពុជា នៅលើឆាកអន្តរជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោក ឃួន ផុនរតនៈ បានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំ របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយ នូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញអ្នកវិនិយោគិន និងអ្នកទេសចរឲ្យមកកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត៕