Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ បន្តយកចិត្តទុកដាក់រួមចំណែក លើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបន្ដទៀត

06-12-2018 19:04

(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានបន្ដលើកទឹកចិត្តដល់គ្រឹះស្ថាន ទាំងអស់ឲ្យយកចិត្តទុកដាក់រួមចំណែកលើកកម្ពស់ លើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមទៀត។

ការលើកឡើងបែបនេះរបស់លោកស្រី អគ្គនាយកបច្ចេកទេសរូបនេះ ធ្វើឡើងក្នុងពេលអញ្ជើញចូលរួមជាគណៈអធិបតី និងផ្ដល់មតិអបអរសាទរ ការចុះបញ្ជីលក់ជាផ្លូវការ «សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជាលេខ១» របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត នៅផ្សារមូលបត្រកម្ពុជានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

លោកស្រី ជា សិរី បានលើកឡើងថា ការចុះបញ្ជីលក់ជាផ្លូវការ សញ្ញាប័ណ្ណសាជីវកម្ម របស់គ្រឹះស្ថានបានឆ្លុះបញ្ចាំងឱ្យឃើញពី ភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។ បច្ចុប្បន្នវិនិយោគិន, ស្ថាប័នហិរញ្ញវត្ថុ និងសហគ្រាសវិនិយោគនានា មានជម្រើសឧបករណ៍វិនិយោគច្រើនជាងមុន ហើយគ្រឹះស្ថានផ្ទាល់មានលទ្ធភាព ក្នុងការស្វែងរកទុនវិនិយោគបន្ថែម ជាមួយនឹងថ្លៃចំណាយទាប សម្រាប់បំពេញតម្រូវការកំណើនឥណទាន។

លោកស្រីថា ទន្ទឹមនេះការចេញផ្សាយសញ្ញាប័ណ្ណសាជីវកម្មជា ប្រាក់រៀលឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីខ្ពស់របស់គ្រឹះស្ថាន ក្នុងការជួយគាំទ្រ និងលើកកម្ពស់គោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជាផងដែរ៕