គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ស្លាប់មនុស្ស៨នាក់ និងរបួសធ្ងន់ស្រាល៤៤នាក់
22-11-2018 17:59
(ភ្នំពេញ)៖ របាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល២ថ្ងៃ (ថ្ងៃទី២១-២២ ខែវិច្ឆិកា) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ កើតឡើង២៦លើក បណ្តាលឲ្យស្លាប់៨នាក់ និងរបួសធ្ងន់ស្រាល៤៤នាក់។
របាយការណ៍បានឲ្យដឹងបន្តទៀតថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន បើកបរល្បឿនលឿន៨លើក ប្រជែង៤លើក បត់គ្រោះថ្នាក់៤លើក មិនប្រកាន់ស្តាំ២ កត្តាយាន្តយន្ត១ និងមិនគោរពសិទ្ធិ៧លើក បណ្តាលឲ្យខូចខាតម៉ូតូ២៤គ្រឿង រថយន្តតូច១០គ្រឿង និងរថយន្តធំ៨គ្រឿង។
រាជធានីខេត្តដែលមានគ្រោះថ្នាក់ និងអ្នករងគ្រោះច្រើនជាងគេរួមមាន៖ ភ្នំពេញ១០លើក ស្លាប់៤នាក់ របួស១៤នាក់, បាត់ដំបង២លើក ស្លាប់ម្នាក់ របួសម្នាក់, កំពង់ធំ៤លើក ស្លាប់២នាក់ របួស៧នាក់ និងស្វាយរៀង២លើក ស្លាប់ម្នាក់ របួសម្នាក់ផងដែរ៕