Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះពិនិត្យទំនិញនាំចូលពីវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង, ក្រោយពិនិត្យគំរូបន្លែ១៣មុខ គ្មានផ្ទុកសារធាតុគីមីនោះឡើយ

14-11-2018 18:01

(ត្បូងឃ្មុំ)៖ ដើម្បីពង្រឹងគុណភាព សុវត្ថិភាពទំនិញជាបន្លែផ្លែឈើ នាំចូលតាមព្រំដែនពីប្រទេសវៀតណាម ក្នុងការធានាសុខុមាលភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត រួមជាមួយរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ និងការវិភាគបន្លែមួយចំនួន ដោយមន្ទីរពិសោធន៍ចល័ត នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានថ្លែងថា «ដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារ ជាពិសេសបន្លែផ្លែឈើ គ្មានផ្ទុកសារធាតុគីមីហាមឃាត់ ដែលមិនបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នាំចូលមកលក់នៅលើទីផ្សារ ក្នុងស្រុកនោះ មន្ត្រីកាំកុងត្រូលខេត្ត តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ ក៏នៅតែបន្តចុះត្រួតពិនិត្យ និងធ្វើការវិភាគ ដោយរថយន្តមន្ទីរពិសោធន៍ចល័ត លើបន្លែនាំចូលចំនួន១៣មុខ ក្នុងគោលបំណង គឺដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន»

លោក មាស មោរ៉ា បានបន្តថា បន្ទាប់ពីធ្វើការវិភាគភ្លាមៗ លើគំរូបន្លែទាំង១៣មុខនោះ រួមមាន៖ ស្ពៃតឿ, ការ៉ុត, ម្ទេសប្លោក, ដំឡូងបារាំង, ម្ទេស, ស្ពៃបូកគោល, ស្ពៃក្តោប, ខ្ទឹមបារាំង, ប៉េងប៉ោះ, ស្ពៃខ្មៅ, ស្លឹកខ្ទឹម និងមើមខ្ទឹម គឺមិនមានសញ្ញាណវត្តមានផ្ទុកនូវសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក បរិភោគនោះទេ។

ជាមួយគ្នានេះ ប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានអំពាវនាវដល់អាជីវករនាំចូលបន្លែផ្លែឈើ និងម្ហូបអាហារតាមច្រកទ្វារព្រំដែន ពីប្រទេសជិតខាងទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ខ្ពស់ ពោលគឺត្រូវនាំចូលចែកចាយ និងលក់តែទំនិញជាផលិតផលម្ហូបអាហារណា ដែលមានគុណភាពល្អ ជាពិសេសហាមដាច់ខាតបន្លែផ្លែឈើ និងម្ហូបអារហារណាមានផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខុមាលភាពអ្នកទទួលទាន៕