Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជំរុញមន្ដ្រីសុខាភិបាលទូទាំងប្រទេស បន្ដពង្រឹងការងារ និងបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ

12-11-2018 15:16

(ត្បូងឃ្មុំ-កំពង់ចាម)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញដល់បណ្តាមន្ដ្រីសុខាភិបាលទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពល្អប្រសើរ។ ការលើកឡើងបែបនេះ ក្នុងឱកាសរបស់រដ្ឋមន្ដ្រីអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យបង្អែក នៅខេត្ដត្បូងឃ្មុំ និងកំពង់ចាម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ថ្លែងបន្តថា «ខ្ញុំសប្បាយរីករាយណាស់ ពេលឃើញមន្ដ្រីសុខាភិបាលយើង បានយកចិត្ដទុក្ខ ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋយើង បានល្អ។ ទោះជាយ៉ាងណា ក៏ខ្ញុំជំរុញលើកទឹកចិត្ដក្រុមការងារយើង បន្ដពង្រឹង ក្នុងការបំបពញនូវកិច្ចការងារ ពិនិត្យពិគ្រោះ ព្យាបាល​ ប្រកបដោយសុវត្ថិភាព គុណភាព រហ័សទាន់ចិត្ដ និងគោរពនូវសីលធម៌វិជ្ជាជីវៈ ជូនបងប្អូនយើងគ្រប់មជ្ឈដ្ឋាន»

លើសពីនោះរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បន្ដថា «យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅតាមមណ្ឌលសុខភាពណាមួយ ដែលនៅជិតលោកអ្នក និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការកំណត់។ ពិសេស បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន អ្វីដែលបងប្អូនត្រូវអនុវត្តបន្តនោះ គឺអនាម័យ រស់នៅស្អាត ហូបស្អាត និងបរិស្ថានស្អាតជានិច្ច»

សូមជម្រាបផងដែរថា នៅព្រឹកថ្ងៃដដែលនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អមដំណើរដោយមន្ត្រីមន្ទីរសុខាភិបាលខេត្ត និងគណៈអភិបាលរងខេត្ដ និងស្រុកត្បូងឃ្មុំ អញ្ជើញចុះចែកអំណោយឱសថ សម្ភារបរិក្ខារអនាម័យ មុង ដែលមានការសហការឧបត្ថម្ភ ពីអង្គការ Direct Relief និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្រោយរងគ្រោះផលប៉ះពាល់ ដោយទឹកជំនន់សរុបចំនួន ៦៤៧គ្រួសារ នៅភូមិកោះត្រែង ក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារផងដែរ៕