នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅសង្កាតផ្សារដេប៉ូទី៣
10-11-2018 10:38
(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការត្រួតពិនិត្យ និងល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាក់ស្តែង ដែលបានប្រព្រឹត្តបទល្មើសរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ៣៩Eo ផ្លូវ១២៨ កែងផ្លូវ២២១ ក្រុមទី៣២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លូននៅវេលាម៉ោងជាង១យប់ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទី១៖ឈ្មោះ អាណន់ រាជដាសីវ ហៅរាជសី អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់ពុំពិតប្រាកដ (ដេកចល័តតាមផ្លូវ) (ម្ចាស់ថ្នាំ), ទី២៖ឈ្មោះ ប៉ុល ឌីណា ហៅម៉ៅ អាយុ៣៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់ពុំពិតប្រាកដ (ដេកចល័តតាមផ្លូវ) និងទី៣៖ឈ្មោះ សំ សុភាព ហៅម៉ៅ មុខរបររើសអេតចាយ ស្នាក់ពុំពិតប្រាកដ (ដេកចល័តតាមផ្លូវ)។
ក្នុងនោះកម្លាំងនគរបាលជំនាញដកហូតបាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់, បំពង់កែវជ័រកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួនពីរ, ទុយោកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួនមួយ, ដែកកេះចំនួន៤ និងកូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕