ផ្លូវភ្លោះ សួនពុះទ្រូងផ្លូវ ដាំដើមឈើ ដាំដើមផ្កា និងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ ដើម្បីបង្អូតសម្រស់ក្រុងព្រះវិហារ ត្រូវបានចាប់ផ្តើមការដ្ឋាន
08-11-2018 11:18
(ព្រះវិហារ)៖ ដើមឡើយខេត្តព្រះវិហារ គឺជាខេត្តមួយនៅតំបន់ដាច់ស្រយាល តែសម្រាប់ពេលបច្ចុប្បន្ននេះ ខេត្តព្រះវិហារ មិនមែនជាខេត្តនៅតំបន់ដាច់ស្រយាលទៀតនោះទេ ដោយសារតែខេត្តមួយនេះ បានបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ពិសេសគឺផ្លូវតភ្ជាប់ ទៅកាន់ខេត្តមួយនេះមានលក្ខណៈល្អប្រសើរ ងាយស្រួលក្នុងការធ្វើដំណើរ។
ក្រៅពីនេះ នៅក្នុងទីរួមខេត្តព្រះវិហារ ក៏បានរៀបចំឲ្យមានសោភណ្ឌភាព គួរជាទីទាក់ទាញផងដែរ ដូចជា ការស្ថាបនាឲ្យមាន ជាសួនច្បារ រង្វង់មូល និងសួនកុមារ ដែលបំពាក់ដោយឧបករណ៍សម្រាប់ឲ្យកូនក្មេងលេងជាដើម។
ប៉ុន្តែនៅមិនគ្រប់គ្រាន់ទេ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំដោយលោក សំ លាងទ្រី តាមការចង្អុលណែនាំពីលោក អ៊ុន ចាន់ដា អភិបាលព្រះវិហារ បាននិងកំពុងធ្វើសកម្មភាពសាងសង់ផ្លូវភ្លោះ ក្នុងក្រុងព្រះវិហារមួយខ្សែថែមទៀត ដោយរៀបចំឲ្យទៅជាសួនពុះទ្រូងផ្លូវ រូមទាំងការដាំដើមឈើ ដាំស្មៅ និងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ នៅលើសួនកណ្តាលទ្រូងនេះ។
លោកសំ លាងទ្រី បានឲ្យដឹងថា ការដ្ឋានសាងសង់ផ្លូវភ្លោះក្នុងក្រុងព្រះវិហារនេះ មានប្រវែង២,១៧០ម៉ែត្រ ទទឹងសួនពុះចែកទ្រូងផ្លូវនេះ មានទំហំ១ម៉ែត្រ៤តឹក មានដាំដើមឈើ ដាំស្មៅ បំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ LED និងមានផ្លូវសងខាង១៨ម៉ែត្រ រួមទាំងដាក់ខឿនសងខាង នៃចិញ្ចើមផ្លូវផងដែរ។
លោកបានបញ្ជាក់ផងដែរថា នៅខេត្តព្រះវិហារ មានរថយន្តតូចដែលបានចុះបញ្ជីរួចមានចំនួន៥០០គ្រឿង។ អញ្ចឹងទេ កំណាត់ផ្លូវនេះ បើទោះបីជាទៅមុខ១០ឆ្នាំទៀត ក៏មិនមានការកកស្ទះចរាចរណ៍ដែរ។ ក្រោយការស្ថាបនាសួនច្បារពុះចែកទ្រូងផ្លូវនេះរួច ក្រុងព្រះវិហារនឹងបង្អួតសម្រស់ មួយកម្រិតទៀតហើយ៕