Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត អញ្ជើញចុះប្រគល់ផ្ទះចំនួន២ខ្នងបន្ថែមទៀត ដល់សមាជិកសមាគមអតីតយុទ្ធជន ស្រុកអន្លង់វែង, «យើងអស់មានសង្គ្រាមទៀតហើយ យើងមានតែកសាងរួមគ្នា យើងជួយគ្នា»

06-11-2018 17:03

(ឧត្តរមានជ័យ)៖ នារសៀលចុងសប្តាហ៍នេះ លោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះប្រគល់ផ្ទះចំនួន២ខ្នងបន្ថែមទៀត ដល់សមាជិកសមាគមអតីតយុទ្ធជន ស្រុកអន្លង់វែង។

នៅក្នុងឱកាសនោះ លោកបានមានប្រសាសន៍ថា ដោយសារគុណបំណាច់របស់ពូៗ ដែលជាអតីតយុទ្ធជននេះហើយបានធ្វើឱ្យប្រទេសយើងបានទទួលនូវសុខសន្តិភាព កូនចៅជំនាន់ក្រោយ មានភាពសម្បូរសប្បាយ និងមានការអភិវឌ្ឍ។ លោកបន្តថា «យើងអស់មានសង្គ្រាមទៀតហើយ យើងមានតែកសាងរួមគ្នា យើងជួយគ្នា»។

លោកថា «ជាក់ស្តែងថ្ងៃនេះ យើងបានប្រគល់ផ្ទះ០២បន្ថែមទៀតជូនដល់លោក តុល ណាន អាយុ៦០ឆ្នាំ ជាយោធិនបាត់បង់ និងទី២ លោក ទឹម ច្រូច អាយុ៤៨ឆ្នាំ ជាយោធិនបាត់បង់សមត្ថភាព ដែលអ្នកទាំងពីរស់នៅភូមិ អូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនទាន់គ្រប់គ្រាន់ទេ យើងនឹងខិតខំបន្ថែមទៀតឲ្យបានកាន់តែច្រើនជាងនេះ»។

ដោយឃើញពីការលំបាក និងតម្រូវការចាំបាច់ លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសផ្តល់ជូនផ្លូវនូវផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង៣គីឡូម៉ែត្របន្ថែមទៀត តាមការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

តំណាងអតីតយុទ្ធជន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ចំពោះការលើស្ទួយកម្រិតជីវភាព និងកិត្តិយសរបស់កងទ័ព អតីតយុទ្ធជន និងគ្រួសារកងទ័ព និងសន្យាគាំទ្រការដឹកនាំរបស់សម្តេចតេជោជារៀងរហូត។

សូមបញ្ជាក់ថា សម្រាប់ស្រុកអន្លង់វែង បានកសាងផ្ទះជូនអតីតយុទ្ធជនសរុបចំនួន៥៦ខ្នងផ្ទះ ក្នុងនោះ សាងសង់នៅចំណុចអូអំបិលចំនួន៤៩ខ្នង និងបានប្រគល់ជូនដល់អតីតយុទ្ធជនចំនួន៣៦ខ្នង និងបន្តសាងសង់ចំនួន២០ខ្នង៕