Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាតកម្មយ៉ាងព្រៃផ្សៃ លើក្មេងប្រុសអាយុ១១ឆ្នាំ នៅស្រុកកោះញែក ដោយឃាតកកាប់ចិញ្រ្ចាំសុះសាច់ ​និងវះពោះផងនោះ ស្ថិតក្នុងភាពអាថ៌កំបាំងដដែល

01-11-2018 15:04

(មណ្ឌលគិរី)៖ ករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ទៅលើក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយឃាតកកាប់ចិញ្រ្ចាំសុះសាច់ និងវះពោះផងនោះ រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកានេះ ស្ថិតនៅក្នុងភាពអាថ៌កំបាំងដដែល។ សមត្ថកិច្ចនគរបាលជំនាញខេត្តមណ្ឌលគិរី បានសហការជាមួយនគរបាលមូលដ្ឋាន កំពុងបន្តនីតិវិធីក្នុងការស្រាវជ្រាវ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចវាល​ស្រែប្រឡាយទី៣ ជិតអូប្រង់ ស្ថិតនៅក្នុងភូមិ​ស្រែហ៊ុយ ឃុំស្រែ​ហ៊ុយ ស្រុកកោះញែកខេត្តមណ្ឌលគិរី។

លោកអធិការនគ​រ​បាលស្រុកកោះញែក​ បានឱ្យដឹងថា ករណី​នេះត្រូវគេប្រទះឃើញសព នៅវេ​លា​ម៉ោង​ប្រ​មា​ណ ៦៖០០ព្រលប់ ថ្ងៃទី២៨ ខែតុលា ដោយជន​រង​គ្រោះ ត្រូវគេកាប់ចិញ្ច្រាំធ្លាយពោះ និងកាប់លើក្បាលមុខមាត់ ស្ទើរតែមើលមិនស្គាល់។

លោកបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ចូច លៀន ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។ ឪពុកឈ្មោះ ចេល ចូច អាយុ៣៤ឆ្នាំ ជនជាតិព្នង មុខរបរ កសិករ ម្ដាយឈ្នោះ ម៉ៅ ស្រៀក មុខរ​បរកសិករ។

លោកអធិការន​គរ​​បាល​ស្រុក បញ្ជាក់ទៀថា ករណីនេះសង្ស័យជាអំពើ​ឃាតកម្ម។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវតាម​រកចាប់ខ្លួនជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់។

ក្នុងហេតុការណ៍នេះ មានព័ត៌មានពីអ្នកភូមិនៅទីនោះ បាននាំគ្នាខ្សឹបខ្សៀវថា ម៉ែឪ ក្មេងរងគ្រោះ គឺជាគ្រួសារជាប់តំណ អំពើរអាបធ្មប់។

លោកមេភូមិស្រែហ៊ុយ ឈ្មោះ ក្រាក់ តូយ បានប្រាប់ផងដែរថា គ្រួសារក្មេងរងគ្រោះខាងលើនេះ មានការអះអាងពីអ្នកភូមិនៅទីនេះ ពិតជាមានជាប់តំណរឿងអំពើអាបធ្មប់ តែដោយឡែកនៅពេលមានហេតុការណ៍ឃាតកម្មនេះកើតឡើង លោកមេភូមិរូបនេះ ក៏មិនអាចធ្វើការសន្និដ្ឋានថា បណ្តាលមកពីរឿងអ្វីនោះឡើយ។ លោកបានឲ្យដឹងថា ក្មេងប្រុសសព គឺជាក្មេងកំពុងរៀនថ្នាក់ទី៤ ក្រៅពីរៀនសូត្រជាក្មេងឃ្វាលក្របីគោ និងទាក់លលក យកទៅលក់។

លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកានេះថា ទោះបីករណីឃាតកម្មនេះ ជាប់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវអ្វីក៏ដោយ លោកកំពុងដាក់បទបញ្ជាឲ្យកងកម្លាំងនគរបាលជំនាញខេត្ត សហការជាមួយនគរបាលមូលដ្ឋាន ស្រាវជ្រាវវែកមុខរកជនដៃដល់ជាឃាតក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ឲ្យខាងតែបាននៅពេលខាងមុខដ៏ខ្លីនេះ៕