Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ​កាសាងសង់ផ្លូវទឹក ផ្លូវគោក ផ្លូវដែក ដើម្បីឆ្លើយតបការកើនឡើងវិស័យដឹកជញ្ជូនក្នុងស្រុក និងឆ្លងប្រទេស (Video inside)

30-10-2018 16:37

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងសាងសង់ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក និងការសាងសង់កំពង់ផែកុងទីន័រនៅខេត្តព្រះសីហនុ គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងវិស័យដឹកជញ្ជូនក្នុងស្រុក និងត្រៀមខ្លួនដើម្បីបម្រើការដឹកជញ្ជូនឆ្លងប្រទេស របស់ប្រទេសក្នុងតំបន់ផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សា ផែនការមេភស្តុភារកម្មនៅកម្ពុជា ដោយមានការចូល រួមពីតំណាងអង្គការ JICA ធនាគារពិភពលោក ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូបទៀតផងដែរ។

សិក្ខាសាលានេះដែរ មានគោលបំណងផ្សព្វផ្សាយ របាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ដែលសិក្សាដោយក្រសួងសាធាណរការ និងដឹកជញ្ជូន និងអង្គការ JICA ជូនក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ និងដើម្បីបញ្ចូលរបាយការណ៍សិក្សាទាំងនោះ ឱ្យស្ថិតនៅក្រោមឆ័ត្រតែមួយក្នុងវិស័យដឹកជញ្ជូន និងការអភិវឌ្ឍផែនការមេថ្នាក់ជាតិ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដោយបានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ចំពោះអត្ថប្រយោជន៍នៃផែនការមេភស្តុភារកម្ម ពោលគឺតាមរយៈផែនការមេភស្តុភារកម្មនេះ និងភូមិសាស្ត្រនៃប្រទេសកម្ពុជា ស្ថិតនៅចំណុចកណ្ដាលនៃប្រទេសក្នុងតំបន់មេគង្គ និងតំបន់អាស៊ាន កម្ពុជាអាចទាញយកអត្ថប្រយោជន៍បានយ៉ាងច្រើន ពីវិស័យដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងសាងសង់ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក និងការសាងសង់កំពង់ផែកុងទីន័រនៅខេត្តព្រះសីហនុ គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងវិស័យដឹកជញ្ជូនក្នុងស្រុក និងត្រៀមខ្លូនដើម្បីបម្រើការ ដឹកជញ្ជូនឆ្លងប្រទេសរបស់ប្រទេសក្នុងតំបន់ផងដែរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ JICA និងធនាគារពិភពលោក ដែលបានប្រើគ្រប់មធ្យោបាយ និងអស់ពីសមត្ថភាពដើម្បីសិក្សាពីផែនការមេភស្តុភារកម្មនេះ ឱ្យទទួលបានជោគជ័យខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានប្រឹងអស់ពីលទ្ធភាពជំរុញឱ្យការសិក្សានេះទទួលបានលទ្ធផលខ្ពស់៕