Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តកសិករ បង្កើនការដាំស្លឹកគ្រៃ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ឲ្យបានគ្រប់គ្រាន់

25-10-2018 15:52

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងលើកទឹកចិត្ត ឲ្យប្រជាកសិករ នៃសហគមន៍កសិកម្មសំបូរមានជ័យ បង្កើនការដាំស្លឹកគ្រៃឲ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ នៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់។

លោកអភិបាលខេត្តបានថ្លែងដូច្នេះ នាពេលលោកចូលរួមជាអធិបតី ក្នុងវេទិកាផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងលើការគ្រប់គ្រង និងប្រតិបត្តិការមុខរបរ រវាងសហគមន៍កសិកម្មសំបូរមានជ័យ និងសហគមន៍ផ្សេងៗទៀត ក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលមានប្រជាកសិករ មកពីសហគមន៍នានាចូលរួមជាង២០០នាក់ ដែលរៀបចំដោយអង្គការ JICA របស់ជប៉ុនប្រចាំកម្ពុជា។

លោក គួច ចំរើន បានថ្លែងថា លោកសូមគាំទ្រចូលរួមអបអរ ចំពោះសហគមន៍កសិកម្មសំបូរមានជ័យ ដែលបានបង្កើតឡើង ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឲ្យមានជីវភាពធូរធារ តាមរយៈការបង្កើនប្រាក់ចំណូល ក្នុងគ្រួសារពីអាជីវកម្ម កសិកម្ម និងបានរួមគ្នាជាកម្លាំងដ៏ធំមួយ មានសិទ្ធិក្នុងការចរចារតម្លៃកសិផល នៅលើទីផ្សារជាមួយឈ្មួញ ដើម្បិផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងការជួយអភិវឌ្ឍនផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទន្ទឹមនឹងនេះ ក្រៅពីពិភាក្សាលើដំណាំផ្សេងៗ មានដូចជា ចេក ល្ហុង ស្វាយ ម្នាស់ ពិសេសដំណាំស្លឹកគ្រៃ ជាដំណាំមួយដែល លោកអភិបាលខេត្ត បានលើកឡើង និងមានការជំរុញឲ្យប្រជាពលរដ្ឋដាំដុះឲ្យបានច្រើន ព្រោះបច្ចុប្បន្ន ក្នុងខណៈដែលទីផ្សារត្រូវការមួយថ្ងៃ ស្លឹកគ្រៃទម្ងន់៧០តោន ប្រជាកសិកររបស់ដាំបានតែ៣តោនកន្លះ ក្នុងមួយថ្ងៃ។ ដូច្នេះនៅទីនេះ ដោយសារតែដំណាំស្លឹកគ្រៃងាយស្រួលដាំដុះ គួរតែប្រជាសហគមន៍ពង្រីកការដាំដុះស្លឹកគ្រៃឲ្យបានច្រើន ដើម្បីបំពេញសេចក្តីត្រូវការ របស់ទីផ្សារនៅក្នុងស្រុក ។

លោកក៏បានលើកឡើងដែរថា ថ្វីត្បិតតែប្រទេសរបស់កម្ពុជា មានសក្តានុពលខាងផ្នែកដំណាំកសិកម្ម ប៉ុន្តែបច្ចុប្បន្ន នៅមានបន្លែ ឬដំណាំមួយចំនួន ត្រូវបាននាំចូលពីបរទេស ដើម្បីបំពេញតម្រូវការទីផ្សារនៅឡើយ។ ចំណែកសហគមន៍ ក៏ត្រូវស្វែងរកទីផ្សារ ពោលគឺដំណាំផលិតបានហើយ ត្រូវតែមានទីផ្សារ ដើម្បីផ្គត់ផ្គង់ឲ្យគេ ដំណាំប្រកបដោយគុណភាពខ្ពស់ ត្រូវចៀសវៀងការបំផ្លាញទីផ្សារ ដោយសារផលិតផលគ្មានគុណភាព៕