Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាក្ខន្ធ ឧត្តមសេនីយ៍ឯក ជា ម៉ន អតីតយុទ្ធមិត្តរួមសមរភូមិ នៅគេហដ្ឋានខេត្តសៀមរាប

24-10-2018 19:18

(សៀមរាប)៖ ទេសរដ្ឋមន្រ្តី គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការសកលវិទ្យាល័យការពារជាតិ, ឧត្តមសេនីយ៍ឯក ចៅ យុត្តិបុត្រ នាយរងសេនាធិការចម្រុះ រួមនឹងប្រតិភូនាជាច្រើននាក់ នារសៀលថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញទៅចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាក្ខន្ធ សពឧត្តមសេនីយ៍ឯក ជា ម៉ន អតីតមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានទទួលមរណភាព កាលពីវេលា ៩ និង១០នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

នាឱកាសនោះ នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា បានចាត់ទុកថាមរណភាព ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ គឺជាការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងក្រុមគ្រួសារ និងជាការបាត់បង់កុលបុត្រជាវិរៈយុទ្ធជន ដែលជាយុទ្ធមិត្តរួមអាវុធមួយរូប ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិនិងប្រជាជននៅគ្រប់ដំណាក់កាល គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ទទួលបានជ័យជម្នះ ថ្ងៃ៧មករា និងជាប្រតិបត្តិករមួយរូប ក្នុងការអនុវត្តនយោបាយ ឈ្នះ!ឈ្នះ! របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ ជា តារា បន្តថា ឧត្តមសេនីយ៍ឯក ជា ម៉ន ជាយុទ្ធមិត្តរួមសមរភូមិប្រយុទ្ធអនុវត្តបទបញ្ជា ដ៏មានប្រសិទ្ធភាពរបស់សម្តេចតេជោ ហ៊ុន សែន ការពារបានតំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី តាំងពីព្រឹត្តិការណ៍ឆ្នាំ២០០៨ រហូតបច្ចុប្បន្នបានក្លាយជាព្រំដែនសន្តិភាព និងជាព្រំដែនអភិវឌ្ឍន៍ប្រជាជនរស់នៅសុខសប្បាយជាមួយជីវភាពធូរធារ។

ក្នុងនាមជាសាកលវិទ្យាល័យការពារជាតិ សាកលវិទ្យាធិការរង នាយកមហាវិទ្យាល័យទាំង៦ ស្ថាប័នចំណុះ យោធាចារ្យ និស្សិត សិក្ខាកាមទាំងអស់ និងនាយឧត្តមសេនីយ៍ផ្ទាល់ សូម​ឧទ្ទិសបួងសួង​ដល់​ដួងវិញ្ញាណក្ខ័ន្ធ ឧត្តមសេនីយ៍ឯក ជា ម៉ន បាន​ទៅ​កាន់​សុគតិភព​ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​៕