Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចប់ការប្រកួតពេញម៉ោង៖ កម្ពុជា ចាញ់ក្រុមភ្ញៀវសិង្ហបុរី ១-២ ក្នុងមិត្តភាពអន្តរជាតិ

16-10-2018 20:27

(ភ្នំពេញ)៖ ក្រុមបាល់ទាត់គោព្រៃកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវសិង្ហបុរី ១-២ ក្នុងជំនួបមិត្តភាពអន្តរជាតិដែលទើបបញ្ចប់មុននេះនៅពហុកីឡដ្ឋានជាតិ នៃរាជធានីភ្នំពេញក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួន ៣៨១១៥នាក់ នារាត្រីថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។

កម្ពុជា បានបើកការនាំមុខសិង្ហបុរី ១-០ តាំងតែពីនាទីទី១៧ ពីការធ្វេសប្រហែសចូលទីខ្លួនឯងរបស់កីឡាករខ្សែការពារសិង្ហបុរី មុនពេលត្រូវបានក្រុមនៅក្នុងប្លុកអាស៊ានដូចគ្នាសិង្ហបុរី វាយបកយកជ័យជម្នះវិញនៅនាទីទី៦១ និងនាទីទី៧៥ ក្រោយពេលកីឡាករជំនាញស៊ុតជើងឆ្វេង ចាន់ វឌ្ឍនាកា ត្រូវបានប្តូរចូលនៅវគ្គទី២ នៅនាទីទី៥៧ ជំនួសមិត្តរួមក្រុម ឈិន ឈឿន។

នេះជាការប្រកួតមិត្តភាពលើកទី៣ ចុងក្រោយរបស់កម្ពុជា មុនឈានដល់ការលេងពាន AFF Suzuki Cup 2018 ដែលនឹងចាប់ផ្តើមប្រកួតនៅដើមខែក្រោយនេះ ដោយពុំមានអ្នកចាត់ការថ្មី Keisuke HONDA ដឹកនាំដោយផ្ទាល់ឡើយសម្រាប់ ២ប្រកួតចុងក្រោយពេលជួបទីម័រខាងកើត និងសិង្ហបុរី ដោយមានតែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Dalmas បង្វឹក និងបញ្ជាលើទីលានប៉ុណ្ណោះ។

៣ប្រកួតមិត្តភាពនៅពហុកីឡដ្ឋានជាតិ កម្ពុជា ប្រកួតចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ១-៣ មុនលេងស្មើទីម័រខាងកើត ២-២ និងចុងក្រោយចាញ់សិង្ហបុរី ១-២៕