Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយសន្តិភាព២០ឆ្នាំ! ស្រុកបារាយណ៍ ខេត្តកំពង់ធំ រៀបចំការប្រណាំងទូកលើកដំបូង ដើម្បីអបអរសាទរបុណ្យភ្ជុំបិណ្ឌ

09-10-2018 09:13

(កំពង់ធំ)៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងអនុគ្រោះឲ្យប្រជាពលរដ្ឋប្រកបមុខរបរ និងរស់នៅយ៉ាងសុខសប្បាយ ជាពិសេសប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានជួបជុំគ្រួសារផងដែរ តួយ៉ាងដូចជាពេលនេះជាដើម រដ្ឋបាលស្រុកបារាយណ៍ នៃខេត្តកំពង់ធំ បានរៀបចំការប្រណាំងទូកផ្កាចារលើកដំបូង ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងដើម្បីឲ្យប្រជាពលរដ្ឋទស្សនាកម្សាន្តសប្បាយ។

ពិធីនេះរៀបចំនៅតាមបណ្ដោយប្រឡាយឈូកខ្សាច់ ត្រង់តំបន់អូរកាច់ ដែលមានទូកផ្កាចារចូលរួមចំនួន ១៥ទូក កីឡាករចំនួន ១៧២នាក់។

ថ្លែងក្នុងពិធីប្រណាំងទូកផ្កានោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ គឺជាលើកទីមួយហើយ ដែលផ្ដើមចេញពីសុខសន្តិភាព ការអភិវឌ្ឍ ជាពិសេសនៅទីរួមស្រុកបារាយណ៍ ក្នុងខេត្តកំពង់ធំ ទទួលបានប្រឡាយទឹកដ៏ធំមួយរបស់រាជរដ្ឋាភិបាល បម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍។

លោកអភិបាលស្រុកបន្តថា ការប្រណាំងទូកនេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែតុលា ដោយមានការផ្ដួចផ្ដើមពីប្រជាពលរដ្ឋ យុវជនក្នុងឃុំ មេភូមិ មេឃុំ និងកងកម្លាំងគណៈបញ្ជាការស្រុកបារាយណ៍ទាំងមូល ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងពង្រឹងការសាមគ្គីភាព។ ម្យ៉ាងទៀត ក៏ជាតំបន់ទេសចរណ៍ថ្មីមួយនៅស្រុកបារាយណ៍។

លោក ហាក់ ម៉ុងហួត បានបន្តទៀតថា នៅឆ្នាំក្រោយ ពិធីនេះនឹងធ្វើឡើងឲ្យមានភាពអធឹកអធ័មជាងនេះ ដោយសារឃុំខ្លះចង់ចូលរួមដែរ ប៉ុន្តែពួកគាត់មិនទាន់បានត្រៀមលក្ខណៈ។ ឆ្នាំក្រោយគេនឹងមានការប្រកួតច្រើនជាងឆ្នាំនេះ ដោយមានទូកដទៃ និងអង្គភាពផ្សេងមកចូលរួមប្រណាំង។

លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងសប្បុរសជន ដែលបានជួយគាំទ្រសម្រាប់ការប្រកួតអុំទូកផ្កាចារពេលនេះ គឺជាការចូលរួមរបស់សប្បុរសជនសុទ្ធសាធ ដែលក្រុមការសម្របសម្រួលរបស់ឃុំ និងកងកម្លាំង៕