Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​សាខាកាំកុងត្រូល​ខេត្តពោធិ៍សាត់ បន្តពិនិត្យទំនិញ​នៅតាមដេប៉ូចែកចាយស្រាបៀរ ស្តង់ និងតូបលក់ទំនិញក្រុងពោធិ៍សាត់ តែរកមិនឃើញ​ទំនិញ​ខូចគុណភាព​

04-10-2018 15:49

(ពោធិ៍សាត់)​៖​ សាខាកាំកុងត្រូលខេត្តពោធិ៍​សាត់ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ ​សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះពិនិត្យទំនិញ​នៅតាមដេប៉ូចែកចាយស្រាបៀរ ស្តង់ និងតូបលក់ទំនិញធំៗ នៅក្នុងក្រុងពោធិ៍សាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល​ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងគោលបំណង​ធានានូវសុខុមាលភាព​ការពារផល​ប្រយោជន៍​ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កម្លាំងជំនាញកាំកុងត្រូលរបស់លោកបានចុះអង្កេតតាមស្តង់ ដេប៉ូចែកចាយធំៗ ក្រែងមាន​​អាជីវករខ្លះបញ្ចេញផលិតផលទំនិញ​ ដែលហួសកាលបរិច្ឆេទ​លក់ទៅឲ្យពលរដ្ឋតាមជនបទដាច់ស្រយាល។

លោកបានបន្តថា នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផលក្រុមការងារ រកពុំឃើញមានទំនិញ​ខូចគុណភាព ទំនិញហាមឃាត់ ទឹកភេសជ្ជៈហួសកាលបរិច្ឆេទនោះទេ ព្រោះថាក្រុមអាជីវករកាន់តែមានការយល់ដឹងពីសុខភាព ចំណីអាហារខ្ពស់នាពេលបច្ចុប្បន្ននេះ។

លោក តូច ចៅកុយ ក៏បានធ្វើការណែនាំដេប៉ូចែកចាយ ​ស្តង់ និងតូចលក់ទំនិញធំៗទាំងអស់​ត្រូវចេះត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះកាលបរិច្ឆេទ​នៃទំនិញ និងហាមដាក់​តាំងលក់​ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕