សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បន្តយុទ្ធនាការចុះអង្កេតរកផលិតផលខូចគុណភាព នៅផ្សារសាមគ្គីស្ទឹងត្រែង, រកឃើញទំនិញខូចគុណភាពជិត៣០គីឡូក្រាម
03-10-2018 15:59
(ស្ទឹងត្រែង)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានសហការណ៍ជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារសាមគ្គីស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ នៅក្នុងការចុះពិនិត្យនោះរកឃើញទំនិញខូចគុណភាពចំនួន ២៧គីឡូក្រាម បានយកទៅដុតកំទេចចោល។
ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង លោក គឹម ប្រុស បានប្រាប់ឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ សមត្ថកិច្ចបានរកឃើញទំនិញ៥ប្រភេទ ដែលខូចគុណភាព និងហួសកាលកំណត់លក់ដូរ និងប្រើប្រាស់រួមមាន៖ ទឹកក្រូចម៉ាក FanTa ចំនួន៤ដប មានទម្ងន់៦គីឡូក្រាម ទឹកក្រូច FanTaដបតូច ចំនួន១២ដប មានទម្ងន់៥គីឡូក្រាម ប្រហិតចម្រុះមានទម្ងន់ ១០គីឡូក្រាម នំបង្កងចំនួន១០កញ្ចប់ មានទម្ងន់១គីឡូក្រាម និងទឹកដោះគោម៉ាកអូឡាតេ OLATE ២២កំប៉ុង និងមានទម្ងន់៥គីឡូក្រាម សរុបទំនិញទាំង៥ប្រភេទ មានទម្ងន់២៧គីឡូក្រាម បានដកហូតបានពីអាជីវករ ដែលបានដាក់លក់នៅតូបផ្សារ និងនៅតាមផ្ទះ។
លោកបានបញ្ជាក់ទៀតថា សាខាកាំកុងត្រូលបានទុកលទ្ធភាពឱ្យអាជីវករ ដែលបាននាំចូលទំនិញ និងផលិតផល ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនោះ ដោយឱ្យពួកគាត់ធ្វើការកែលំអរ និងអនុវត្តទៅតាមការពន្យល់ណែនាំរបស់មន្ត្រីជំនាញជាមុនសិន ប្រសិនបើពួកគាត់នៅតែមិនព្រមកែប្រែនៅតែរឹងរូស ធ្វើការនាំចូល លក់ដូរទំនិញ និងផលិតផលដែលគ្មានគុណភាពទាំងនោះទៀត នៅលើកក្រោយ មន្ត្រីជំនាញនឹងឈប់យោគយល់ និងលើកលែងឱ្យទៀតហើយ សមត្ថកិច្ចកាំកុងត្រូល
នឹងដាក់វិធានការក្តៅដោយគ្មានការលើកលែងទៀតឡើយ។
អាជីវករលក់ដូរទំនិញផ្សារខេត្តស្ទឹងត្រែង បានសម្តែងការគាំទ្រ និងត្រេកអរចំពោះការចុះមកពិនិត្យរកមើលនូវមុខទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងលក់ដូរនៅក្នុងពេលនេះ។ ពួកគាត់ចាត់ទុកថា ការចុះមកពិនិត្យដល់ទីកន្លែងលក់ដូរ របស់មន្ត្រីជំនាញកាំកុងត្រូលខេត្ត គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយក៏បានធ្វើឱ្យអ្នកលក់ដូរទាំងអស់ បានដឹង បានស្គាល់ និងចេះមើលពីកាលបរិច្ឆេទប្រើប្រាស់ និងលក់ដូរបានយ៉ាងពិតប្រាកដ បន្ទាប់ពីបានស្តាប់តាមការណែនាំ ពន្យល់ពីមន្ត្រីកាំកុងត្រូលនោះរួច៕