Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឱកាសបុណ្យភ្ជុំបិណ្ឌ! មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ រកឃើញ និងដកហូតភេសជ្ជៈចម្រុះ ៤០០កំប៉ុង/ដប ខូចគុណភាពយកទៅកម្ទេចចោល

03-10-2018 13:17

(ត្បូងឃ្មុំ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីធានាសុខភាពជូន ប្រជាពលរដ្ឋជាអ្នកទទួលទាននោះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើការត្រួតពិនិត្យស្លាកសញ្ញា កាលបរិច្ឆេទប្រើប្រាស់ ព្រមទាំងធ្វើតេស្តលើបន្លែត្រីសាច់ នៅផ្សារជីមាន់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានឲ្យដឹងថា ក្រោមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាន ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះ លោករួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ។

ជាក់ស្តែងនៅថ្ងៃនេះ ក្រោយលទ្ធផលត្រួតពិនិត្យរកឃើញ និងដកហូតភេសជ្ជៈចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់បានចំនួន៤០០កំប៉ុង/ដប យកទៅកម្ទេចចោល។

ក្រៅពីនោះបាន ធ្វើតេស្តឃីតភ្លាមៗ លើម្ហូបអាហារមួយចំនួនមានដូចជា ស្ករត្នោត ពងត្រីប្រលាក់ ផ្អក ត្រសក់ចាវ និងស្ពែជូ គឺមិនឃើញមានផ្ទុកនូវសារធាតុគីមី ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព អ្នកទទួលទាននោះឡើយ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការបិទ Poster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពអោយច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕