Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅអង្គការសហប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន បង្ហាញអន្តរជាតិឱ្យឃើញថា «កម្ពុជាតូចតែខ្លឹម» (Video inside)

29-09-2018 10:48

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប) លើកទី៧៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញដល់អន្តរជាតិឱ្យឃើញថា កម្ពុជាជាប្រទេសតូចតែខ្លឹម ដែលបានផ្តល់ធាតុចូល និងការជ្រោមជ្រែងច្រើនជូនពិភពលោកទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះយ៉ាងដូច្នេះថា៖ «កម្ពុជាតូចមែនពិត ប៉ុន្តែយើងក៏មានទស្សនវិស័យវែងឆ្ងាយ សម្រាប់ពិភពលោកមួយ ដែលយើងត្រូវចែកគ្នារស់នៅជាមួយបណ្ដាប្រទេសផ្សេងៗ និងរួមគ្នាថែរក្សាឱ្យបានយូរអង្វែង។ កិច្ចប្រជុំលើកនេះ យើងបានឃើញកាន់តែច្បាស់នូវស្ថានភាព «គីង្គក់ដើរលក់ថ្នាំស្រែង» ដែលផ្គើនចេញជាចំហ»

នៅក្នុងអង្គការសហប្រជាជាតិ ក្នុងនាមតំណាងឱ្យប្រជាជាតិខ្មែរទាំងមូល សម្តេចតេជោ បានអំពាវនាវឡើងវិញ ឱ្យមានការគោរពសិទ្ធិអធិបតេយ្យ នៃប្រជាជាតិទាំងឡាយ ដោយមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ទោះតូចតាច ឬក្រក្រីយ៉ាងណាក្តី។ សម្តេចតេជោ ថែមទាំងបានស្នើសុំឱ្យមានការគោរពច្បាប់អន្តរជាតិ និងគោរពគោលការណ៍ពហុនិយម ដែលមានអង្គការសហប្រជាជាតិជាអ្នកសម្របសម្រួល ដើម្បីពិភពលោកមួយ ពោរពេញដោយសន្តិភាពនិងការអភិវឌ្ឍន៍។

សម្តេចបានបញ្ជាក់ថា៖ «សូមខ្មែរគ្រប់រូបមានមោទនភាព លើជាតិរបស់ខ្លួនក្នុងឆាកអន្តរជាតិ។ កម្ពុជាដ៏តូចមួយនេះ បានផ្តល់ធាតុចូល និងការជ្រោមជ្រែងច្រើនណាស់ជូនពិភពលោកទាំងមូល ដូចពាក្យថា "តូចតែខ្លឹម"»

សូមបញ្ជាក់ថា លើកនេះ កម្ពុជាត្រូវបានជ្រើសរើសជាអនុប្រធាន មហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប) លើកទី៧៣ នៃអង្គការសហប្រជាជាតិអាណត្តិ​ឆ្នាំ២០១៨-២០១៩។ កម្ពុជាបានដើរតួនាទីជាអនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិចំនួនពីរលើកហើយ គឺលើកទី១ នៅក្នុងសម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៦ អាណត្តិ​ឆ្នាំ២០០១-២០០២​ និងលើកទី២ នៅក្នុងសម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ អាណត្តិ​ឆ្នាំ២០១៨-២០១៩។

តាមរយៈតួនាទីនេះ កម្ពុជា​អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើរ​របស់​ប្រធាន​៕