Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកយាយទុរគតកំសត់វ័យ៧២ឆ្នាំ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ លើកដៃសំពះស្វែងរកសប្បុរសជន ជួយគាត់ក្នុងជីវិតចុងក្រោយ

27-09-2018 15:35

(កំពង់ធំ)៖ លោកយាយ គឹម វ៉ាត ជាទុរគតកំសត់វ័យ៧២ឆ្នាំ រស់នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលកំពុងមានជីវភាពលំបាកយ៉ាងខ្លាំង គ្មានទីជម្រកច្បាស់លាស់ ប្រកបរបរលក់នំបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត និងចិញ្ចឹមកូនចៅចំនួន៥នាក់ កំពុងតែសិក្សាដែលគ្មានអ្នកណាជួយទំនុកបំរុង នៅក្រោមដំបូលផ្ទះតែមួយដោយគ្មានទីពឹងនោះ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានលើកដៃសំពះស្វែងរកសប្បុរសជនជួយគាត់ ដើម្បីឱ្យគាត់អាចរស់នៅក្នុងជីវិតចុងក្រោយបានផង។

លោកយាយទុរគតកំសត់ បានរៀបរាប់ថា គ្រួសារលោកយាយរាល់ថ្ងៃនេះ គ្មានរបរអ្វីក្រៅដើរលក់នំនោះទេ ក្នុងការចិញ្ចឹមជីវិត ក៏ដូចជា រកប្រាក់កម្រៃខ្លះៗ គ្រាន់ជួយចៅចំនួន៥នាក់ ដែលកំពុងសិក្សា លើសពីនេះគាត់បានបន្តថា គ្រួសារលោកយាយគ្មានផ្ទះសំបែងនោះទេ រស់នៅផ្ទះកូនដែលធ្លុះធ្លាយ ហើយពេលភ្លៀងម្ដងៗ រកកន្លែងជ្រកគ្មានឡើយ រីឯកូនស្រីក៏ជាស្រ្តីមេម៉ាយដូចគ្នា ថែមទាំងមានកូនចំនួន៥នាក់ ដែលកំពុងរស់នៅក្នុងបន្ទុកដែលសព្វថ្ងៃនេះ ក្នុងការរស់នៅរបស់កូនគាត់ បានប្រកបរបរដើរស៊ីឈ្នួលលាងចាន លានឆ្នាំង និងធ្វើការផ្សេងៗ ឱ្យតែបានលុយដើម្បីចិញ្ចឹមក្រពះ និងគ្រាន់បានប្រាក់ទុកឱ្យកូនទៅរៀនលើសពីនេះកូនៗ ដែលរស់នៅជាមួយគ្នានេះ បានខិតខំតស៊ូក្នុងការរៀនសូត្រ នៅពេលសម្រាកពីការសិក្សាកូនទាំងអស់ បានដើរស៊ីឈ្នួលគេធ្វើការសំណង់ ដើម្បីយកប្រាក់ទុកទិញអង្ករក៏ដូចជា ទុកបង់ថ្លៃរៀនគួរនៅពេលចូលរៀន។

លោកយាយ គឹម វ៉ាត ព្រមទាំងកូន និងចៅៗ លោកយាយបានលើកដៃអង្វរស្វែងរកសប្បុរសជនជួយលោកយាយផង នឹងជួយសាងសង់ផ្ទះឱ្យពួកគាត់ផង ព្រោះគាត់មានដីតិចតួចសម្រាប់សាងសង់ លំនៅដ្ឋាន តែគាត់គ្មានលទ្ធភាពសម្រាប់សាងសង់ទេ រីឯផ្ទះរស់នៅរាល់ថ្ងៃជាផ្ទះរបស់កូនទេ មិនដឹងគេយកថ្ងៃណា ហើយការរស់នៅរបស់ពួកគាត់ដូចជាបញ្ញើក្អែកទេ។

ជាចុងក្រោយ ពួកគាត់បានលើកដៃអង្វរ ដល់ប្រមុខរាជរដ្ឋាភិបាលក៏ ដូចជាថ្នាក់ដឹកនាំទាំងអស់មេត្តាជួយដល់ពួកគាត់ផង ដើម្បីមានផ្ទះសម្បែងរស់នៅសមរម្យ ក៏ដូចជាមានលុយកាក់ខ្លះៗដើម្បីចៅៗ បានរៀនសូត្រចប់ចុង ចប់ដើមដូចគ្រួសារគេឯងផងដែរ។

អ្នកជិតខាងឬក៏អ្នកភូមិផងរបងជាមួយលោកយាយ បាននិយាយប្រាប់ថា គ្រួសារលោកយាយក្រលំបាកជាខ្លាំង កំពុងតែរស់នៅយ៉ាងវេទនាបំផុតក្នុងការចិញ្ចឹមជីវិតរកព្រឹកខ្វះល្ងាចរាល់ ពេលជួនកាលថ្ងៃណាខ្លះពួកគាត់ហូបបាយជាមួយអំបិលក៏មានដែរ ពេលមានជំងឺគ្រួសារគាត់គ្មានលទ្ធភាពព្យាបាលទេ មានតែទិញថ្នាំសង្កូវតិចតួចដើម្បីព្យាបាលខ្លួនឱ្យជាសះស្បើយ៕