ចោរមួយក្រុមវាយប្លន់យកទូរស័ព្ទ៤គ្រឿង និងលុយជាង២លានរៀល បានសម្រេច តែត្រូវកម្លាំងនគរបាលស្ទាក់ឃាត់ខ្លួនបានម្នាក់ និង២នាក់ទៀតរត់គេចខ្លួនបាត់ នៅខណ្ឌមានជ័យ
26-09-2018 14:23
(ភ្នំពេញ)៖ បុរសម្នាក់បែកក្បាលហូរឈាមជោគខ្លួន រហូតដល់សន្លប់ស្ដូកស្ដឹង ក្រោយក្រុមជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយដុំថ្ម បានវាយប្លន់យកទូរស័ព្ទ៤គ្រឿង និងលុយជាង២លានរៀល បានសម្រេច ហើយរត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ដេញស្ទាក់ឃាត់ខ្លួនបានម្នាក់ វាយខ្នោះបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗតែម្ដង ខណៈដែលបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍វាយប្លន់បង្កការភ្ញាក់ផ្អើល កើតឡើងកាលពីវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក អ៊ំ រតនា នាយនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានប្រាប់ឲ្យភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អ៊ុយ សុវណ្ណ ហៅ «ម៉ាប់» អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ រងរបួសធ្ងន់បែកក្បាលដេរ។
បច្ចុប្បន្នជនសង្ស័យ ដែលឃាត់ខ្លួនបាននោះ កំពុងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ធ្វើការសាកសួរដើម្បីស្រាវជ្រាវរកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕