Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មិត្តភាពកាន់តែល្អ រវាងចិន និងកាហ្សាក់ស្ថាន លើកស្ទួយការអភិវឌ្ឍទីក្រុងនៅតំបន់ព្រំដែន (Video inside)

25-09-2018 14:46

(ចិន)៖ ក្រុង ហរហ្កស (Horgos) គឺជាក្រុងដ៏ចំណាស់នៅភាគពាយព្យប្រទេសចិន ដែលនៅជាប់ព្រំដែនជាមួយប្រទេសកាហ្សាក់ស្ថាន។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន បានធ្វើឱ្យទីក្រុងនេះ ក្លាយខ្លួនជាមជ្ឈមណ្ឌល សហប្រតិបត្តិការដ៏សំខាន់មួយ។

ម៉ាស៊ែលប៊ែក អាក់ហ្សាន (Masselbek Akzhan) ទើបតែរៀនចប់ថ្នាក់បរិញ្ញា នៅប្រទេសកាហ្សាក់ស្ថាន។ សព្វថ្ងៃ គាត់កំពុងធ្វើការនៅក្រុមហ៊ុនចិនលក់ទំនិញ តាមប្រព័ន្ធអេឡិចត្រូនិចមួយឈ្មោះថា ឆឹងស័រ (CHENGSE) ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិព្រំដែន ហរហ្កស (Horgos)។ ក្រុមហ៊ុននេះ ផលិតកម្មវិធីទូរទស្សន៍ជាច្រើន សម្រាប់លក់ទំនិញចិនតាមអនឡាញ ឱ្យអតិថិជនដែលរស់ នៅប្រទេសកាហ្សាក់ស្ថាន។

កញ្ញា ម៉ាស៊ែលប៊ែក អាក់ហ្សាន និស្សិតបញ្ចប់ថ្នាក់បរិញ្ញាមកពីប្រទេសកាហ្សាក់ស្ថាន និយាយថា «ខ្ញុំចាប់អារម្មណ៍នឹងការងារនេះ ពីព្រោះនៅប្រទេសកាហ្សាក់ស្ថាន សេវាលក់ទំនិញតាមទូរទស្សន៍ និងតាមអនឡាញ មិនសូវជាទំនើបដូចនៅប្រទេសចិនទេ។ អញ្ជឹងហើយបានជាខ្ញុំចាប់អារម្មណ៍នឹងការងារនៅទីនេះ ហើយខ្ញុំសង្ឃឹមថានឹងអាចចាប់ផ្តើមអាជីពមួយតាមវិធីនេះ»

ប្រជាពលរដ្ឋចិនកាន់តែច្រើននាក់ កំពុងចាប់អារម្មណ៍ចាប់យកឱកាស ធ្វើជំនួញឆ្លងប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល ដែលមានទីផ្សារដ៏ធំ។ ឯប្រជាជននៅតាមបណ្តាប្រទេសទាំងឡាយ ក្នុងតំបន់អាស៊ីកណ្តាលវិញ ក៏កំពុងស្វែងរកឱកាស នៅក្នុងប្រទេសចិនដូចគ្នា។

ចាប់តាំងពីពេលបើកដំណើរការដំបូង នាឆ្នាំ២០១២ មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិព្រំដែន ហរហ្កស មានគេចូលមកវិនិយោគប្រាក់ជាង៤៤០០លានដុល្លារអាមេរិកទៅហើយ ហើយអាជីវកម្មជាង៣ពាន់ហាង កំពុងដំណើរការនៅទីនេះ គឺមានទាំងអាជីវកម្មបែបក្រុមហ៊ុនធំៗ និងអាជីវកម្មជាលក្ខណៈគ្រួសារ។

អ្នកស្រី បាហាគុល ធ័រស៊ុន អាជីវករនៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិព្រំដែនហរហ្កស និយាយថា «ខ្ញុំបានផ្លាស់ពីក្រុង អ៊ូរុំឈិ មកក្រុង ហរហ្កស កាលពីឆ្នាំ២០០៧ម្ល៉េះ។ ហើយនៅឆ្នាំ២០១៤ ខ្ញុំក៏មកបើកហាងនៅមជ្ឈមណ្ឌលនេះ»៕ (សារព័ត៌មាន CCTV របស់ចិន)