Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំណេះដឹងទូទៅ៖ តើទឹកដីអាស៉ីអាគ្នេយ៍ធ្លាប់មាន «ដាយណូស័រ» រស់នៅដែរទេ?

19-07-2021 09:01

(ភ្នំពេញ)៖ ពពួកសត្វដាយណូស័របានស្លាប់ផុតពូជតាំងពី ៦៥ លានឆ្នាំមុនមកម្ល៉េះ ហើយសាកសពរបស់ពួកវាត្រូវបានកប់ទៅក្រោមដីរហូតក្លាយជាសិលា ឬហៅថា ផូស៉ីល (Fossil) ដែលផូស៉ីលនេះហើយ អាចឱ្យគេដឹងថាពួកវារស់នៅទីណាខ្លះ។ តើអ្នកធ្លាប់ដឹងទេងា ទឹកដីអាស៉ីអាគ្នេយ៍យើង ធ្លាប់មានសត្វដាយណូស័ររស់នៅដែរទេ?

ប្រទេសថៃ ធ្លាប់ថាជាដែនដីស្នាក់អាស្រ័យរបស់សត្វសម័យបុព្វកាល ដោយគេបានរកឃើញផូស៉ីលដាយណូស័រ និងសត្វឆ្អឹងកងដទៃទៀត ដូចជា អណ្តើក ក្រពើ នៅតំបនភាគភាគឦសានជាច្រើនកន្លែង។

មានការរកឃើញផូស៉ីលដាយណូស័រលើកដំបូងនៅឯស្រុកភូវៀង ខេត្តខនកេន ក្នុងឆ្នាំ១៩៧៦ ជាផូស៉ីលដាយណូស័រ Sauropod ឬដាយណូស័រស៉ីស្លឹកឈើ ខណៈដាយណូស័រប្រភេទនេះមានកវែង ជាពពួកអម្បូរថ្មី។ ក្រៅពីនេះ គេបានរកឃើញធ្មេញរបស់ដាយណូស័រអម្បូរថ្មីទៀត ដែលមានឈ្មោះថា ស្យាមមូសូរ៉ាស់ សុធីថននី (Siamosaurus Suteethorni)។

ក្រោយមក រដ្ឋាភិបាលថៃក៏បានប្រកាសដាក់តំបន់ទាំងនោះជា «ឧទ្យានជាតិភូវៀង - Phu Wiang Dinosaur Museum» ដែលជាឧទ្យានដាយណូស័រដំបូងគេក្នុងអាស៉ីអាគ្នេយ៍។

នៅមានកន្លែងផូស៉ីលដាយណូស័រសំខាន់ៗជាច្រើនកន្លែងទៀត ដូចជា ស្រុកភូកាឌឹង ខេត្តលើយ ស្រុកណាមណាវ ខេត្តពេជ្របូណ៌ ស្រុកខាំមួង ខេត្តកាឡាស៊ីន និងនៅមានកន្លែងដែលឃើញស្នាមជើងដាយណូស័រនៅឡានហ៉ីនឡាតប៉ាឆាត ស្រុកភូវៀង ខេត្តខនកេន បរិវេណណាសៃយ៉ៃ ក្នុងតំបន់ឧទ្យានជាតិខាវយ៉ៃ ខេត្តប្រាជីនបុរី ឧទ្យានភូហ្វេក ក្នុងស្រុកណាឃូ ខេត្តកាឡាស៉ីន និងឧទ្យានជាតិភូកាវ-ភូផានខាំ ខេត្តណងបួឡាំភូ៕