មិនធម្មតា! លោក ដូណាល់ ត្រាំ «ប្រាប់ក្រសួងយុត្តធម៌ និង FBI ត្រូវធ្វើការងារឲ្យល្អ» បើមិនដូច្នោះទេលោកនឹងលូកដៃ ចូលដោះស្រាយបញ្ហា...(video inside)
31-08-2018 10:13
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានក្រើនរំលឹកក្រសួងយុត្តិធម៌ និងFBI ឱ្យចាប់ផ្ដើមធ្វើការងាររបស់ពួកគេឱ្យបានល្អ និងយុត្តិធ៌ម បើពុំដូច្នោះទេលោកនឹងលូកដៃចូលដោះស្រាយបញ្ហាទាំងឡាយជាមិនខាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងពិធីជួបជុំមួយនៅឯរដ្ឋ ឥណ្ឌាណា (Indiana) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ក្រសួងយុត្តិធម៌ និង FBI របស់យើង ត្រូវតែចាប់ផ្ដើមធ្វើការងាររបស់ពួកគេឡើងវិញឱ្យបានល្អ និងយុត្តិធម៌។ ខ្ញុំមិនចង់លូកដៃទេ ប៉ុន្តែបើពួកគេមិនអាចធ្វើបាន... នោះខ្ញុំនឹងលូកដៃចូលរួមដោះស្រាយបញ្ហា បើសិនជារឿងនោះជារឿងដែលខ្ញុំត្រូវតែធ្វើ»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ជាបន្តបន្ទាប់លើក្រសួងយុត្តិធម៌ និង FBI ជុំវិញការស៊ើបអង្កេតលើសំណុំ រឿងតួនាទីរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះលោកក៏បានចោទប្រកាន់ដែរថា ការស៊ើបអង្កេតបច្ចុប្បន្នរបស់រដ្ឋអាជ្ញាពិសេសអាមេរិក ប្រឆាំងនឹងរូបលោក គឺកំពុងធ្វើឡើងដោយខុសច្បាប់៕