Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សឹង្ហបុរី បង្កើតដេប៉ូកុងតឺន័រ នៅលើដំបូលអគារដំបូងគេបង្អស់ក្នុងពិភពលោក (Video inside)

10-08-2018 14:40

(សឹង្ហបុរី)៖​ ក្រុមហ៊ុនដឹកជញ្ជូន តាមផ្លូវទឹករបស់ចិន ឈ្មោះថា ខូសខូ ស៊ីពភីង (COSCO SHIPPING) បានអភិវឌ្ឍវិធីថ្មីមួយ សម្រាប់សន្សំសំចៃទីធ្លា ដោយសាងសង់ដេប៉ូកុងតឺន័រ ដែលប្លែកខុសពីគេ នៅពីលើឃ្លាំងមួយ ក្នុងប្រទេសសឹង្ហបុរី។

ឃ្លាំងទំនិញច្រកចេញចូលតែមួយ របស់ក្រុមហ៊ុនចិន ខូសខូ ស៊ីពភីង (COSCO SHIPPING) គឺជាឃ្លាំងដែលមានលក្ខណៈរួមបញ្ចូលគ្នាដ៏ធំបំផុតមួយ នៅប្រទេសសឹង្ហបុរី។ ឃ្លាំងនេះ គឺជាដេប៉ូកុងតឺន័រដំបូងគេបង្អស់ និងមានតែមួយគត់ក្នុងពិភពលោក ដោយមានទីតាំងនៅពីលើដំបូលអគារ កម្ពស់ជាង៥០ម៉ែតពីដី។

ដេប៉ូនេះ មានសមត្ថភាពផ្ទុកដ៏ធំ ដែលអាចដាក់កុងតឺន័រកម្ពស់៤ម៉ែតកន្លះ គរលើគ្នាបាន។ ឃ្លាំងផ្ទុកទំនិញនេះ មានទីតាំងនៅក្បែរមហាវិថីសំខាន់ៗរបស់សឹង្ហបុរី ដែលសម្រួលដល់ការដឹកជញ្ជូនទៅកាន់កំពង់ផែ។

លោក គូ ជីងសុង នាយកក្រុមហ៊ុន COSCO SHIPPING International ប្រចាំសឹង្ហបុរី បាននិយាយថា «ទំហំដីនៅប្រទេសសឹង្ហបុរី គឺមានកម្រិត ដូច្នេះវិធីដ៏មានប្រសិទ្ធភាពរបស់យើង បានទទួលការគាំទ្រយ៉ាងខ្លាំង ពីរដ្ឋាភិបាលសឹង្ហបុរី។ មែនទែនទៅ ឃ្លាំងទំនិញច្រកចេញចូលតែមួយនេះ មិនស៊ីទីធ្លាអ្វីនោះទេ ពីព្រោះវាមានទីតាំងនៅពីលើដំបូងឃ្លាំងតែម្តង។ វាជួយសន្សំទាំងថវិកានិងពេលវេលា នៃការដឹកជញ្ជូនកុងតឺន័រ»

ក្រុមហ៊ុន ខូសខូ ក៏ជាម្ចាស់កប៉ាល់ដឹកកុងតឺន័រដ៏ធំរបស់ចិនឈ្មោះថា ខូសខូ នេឌ័រលែន (COSCO NETHERLANDS) ផងដែរ ដែលបានចូលចតនៅឯកំពង់ផែសឹង្ហបុរី កាលពីថ្ងៃចន្ទកន្លងទៅ។

គេរំពឹងថា ក្រុមហ៊ុនដឹកជញ្ជូនកាន់តែច្រើនដូចជាក្រុមហ៊ុន ខូសខូ នឹងបង្កើតប្រព័ន្ធដឹកជញ្ជូនគ្រប់ជ្រុងជ្រោយជាច្រើន នាពេលអនាគត ឱ្យស្របទៅតាមចក្ខុវិស័យផ្លូវទឹករបស់ប្រទេសចិន ដែលមានបំណងចង់កសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មដ៏រឹងមាំមួយ ដែលតភ្ជាប់ទ្វីបអាស៊ី ជាមួយទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក ដែលស្ថិតនៅតាមបណ្តោយផ្លូវពាណិជ្ជកម្មបុរាណ និងដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរួមគ្នា សម្រាប់បណ្តាប្រទេសដែលពាក់ព័ន្ធទាំងអស់៕ (សារព័ត៌មាន CCTV របស់ចិន)