News Update: ឥណ្ឌូណេស៊ី៖ អ្នកទេសចរប្រមាណ៥០០នាក់ កំពុងជាប់លើភ្នំនៃកោះ Lombok ក្រោយគ្រោះរញ្ជួយដីវាយប្រហារយ៉ាងដំណំ!
30-07-2018 11:34
(ឥណ្ឌូណេស៊ី)៖ អ្នកដើរកម្សាន្តបែបផ្សងព្រេងច្រើនជាង ៥០០នាក់ ត្រូវបានគេរាយការណ៍ថា កំពុងជាប់គាំងនៅលើភ្នំមួយកន្លែង នៅឯកោះលុមបុក (Lombok) ប្រទេសឥណ្ឌូណេស៊ី ក្រោយគ្រោះរញ្ជួយដីដ៏ប្រល័យមួយ បានកាត់ផ្ដាច់ច្រកផ្លូវចេញចូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមអ្នកជួយសង្រ្គោះរាប់រយនាក់ កំពុងប្រឹងប្រែងដើម្បីរកផ្លូវចូលទៅដល់កន្លែង ដែលអ្នកទាំងនោះ កំពុងជាប់គាំងនៅលើភ្នំ រីនហ្សានី (Rinjani) ដែលជាតំបន់គោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ សម្រាប់អ្នកចូលចិត្តដើរកម្សាន្តផ្សងព្រេង។ គ្រោះរញ្ជួយដី ៦.៤រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៦៖៤៧នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) តែមួយម៉ោងប៉ុណ្ណោះបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ មួយផ្សេងទៀតវាយប្រហារលើតំបន់ដដែល។ នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS។
USGS បានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយ ០៧គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចំងាយ ៤៩.៥គីឡូម៉ែត្រ ពីភាគឦសានទីក្រុងម៉ាតារ៉ាម (Mataram) នៃកោះ Lombok។ មិនតែប៉ុណ្ណោះ វាក៏បានបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នងនៅក្នុង តំបន់ ព្រមទាំងផ្ដាច់ជីវិតមនុស្ស១៤នាក់ និង១៦០នាក់ទៀតរងរបួសផងដែរ៕