រដ្ឋមន្ត្រីការបរទេសអាមេរិក៖ សូមអន្តរជាតិបន្តរក្សាទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងពេញលេញ ទៅលើប្រទេសកូរ៉េខាងជើង! (video)
21-07-2018 08:52
(យូអិន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានជំរុញឱ្យបណ្ដារដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ បន្តរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច យ៉ាងពេញលេញលើកូរ៉េខាងជើង ក៏ដូចជារក្សាផងដែរការដាក់សម្ពាធលើលោក គីម ជុងអ៊ុន ឱ្យរំសាយអាវុធនុយក្លេអ៊ែរចោល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) លោក ប៉ុមប៉េអូ បានកត់សម្គាល់ដូច្នេះថា «យើងចង់ឃើញលោកប្រធាន គីម អនុវត្តន៍តាមអ្វីដែលខ្លួនបានសន្យាចំពោះពិភពលោកថា លោកនឹងធ្វើវា ហើយសហរដ្ឋអាមេរិកជឿថា កូរ៉េខាងជើងអាចនឹងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល... ប៉ុន្តែដើម្បីសម្រេចគោលដៅនេះ យើងត្រូវតែរក្សាឱ្យបានការដាក់ទណ្ឌកម្មយ៉ាងពេញ លើទីក្រុងព្យុងយ៉ាង»។
គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំរបស់លោក ប៉ុមប៉េអូ ចិន និងរុស្ស៊ី បានស្នើឱ្យមានការកាត់បន្ធូរបន្ថយការដាក់ទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង ដើម្បីចូលរួមចំណែកលើកកម្ពស់ស្ថានភាពធូរស្រាល នៅលើឧបទ្វីបកូរ៉េបច្ចុប្បន្ន។ ប៉ុន្តែ អគ្គរដ្ឋទូតអាមេរិក លោកស្រី Nikki Haley បានអះអាងថា មធ្យោបាយការទូតដ៏ល្អលើកូរ៉េខាងជើង ដែលសហរដ្ឋអាមេរិកគំាទ្រ នោះគឺគ្មានឡើយ ការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម រហូតទាល់ទីក្រុងព្យុងយ៉ាង លុបចោលអាវុធនុយក្លេអ៊ែរទាំងស្រុង៕