ជប៉ុន៖ ក្រោយទឹកជំនន់ផ្តាច់ជីវិតមនុស្សជាង២០០នាក់ ឥឡូវនេះមនុស្ស១៤នាក់បន្ថែមទៀតស្លាប់ ដោយសាររលកកម្តៅវាយប្រហារ...
17-07-2018 13:53
(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុននៅថ្ងៃអង្គារនេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៤នាក់ បានស្លាប់ដោយសារតែរលកកម្ដៅ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងតំបន់ភាគខាងលិចនៃប្រទេស ទើបនឹងរងគ្រោះដោយទឹកជំនន់ និងជាទីដែលមនុស្សច្រើនជាង ២០០នាក់ បានបាត់បងជីវិតកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន តាមរយៈស្រង់សម្ដីពីមន្ត្រីឧតុនិយមជប៉ុនបានបញ្ជាក់ថា សីតុណ្ហភាពកាលពីថ្ងៃចន្ទបានឡើងដល់ខ្ពស់ជាង ៣៩អង្សាសេ នៅតាមផ្នែកខ្លះនៃប្រទេស ជាពិសេសគឺនៅតំបន់ទើបរងគ្រោះដោយទឹកជំនន់។ «រលកកម្ដៅនេះបានផ្ដាច់ ជីវិតមនុស្ស១៤នាក់ ក្នុងនោះរួមមានស្ត្រីម្នាក់អាយុ៩០ឆ្នាំ ខណៈមនុស្សជាច្រើននាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។ នេះគឺការបញ្ជាក់បន្ថែមពីមន្ត្រីឧតុនិយមជប៉ុន។
គួររំលឹកថា កាលពីឆ្នាំ២០១៧ មនុស្សសរុបចំនួន ៤៨នាក់ បានស្លាប់ដោយសាររលកកម្ដៅវាយប្រហារនៅចន្លោះពីខែឧសភា ដល់ខែកញ្ញា ហើយគ្រាន់តែក្នុងខែកក្កដាតែមួយគត់ប៉ុណ្ណោះ ចំនួនមនុស្សរហូតដល់ទៅ ៣១នាក់ បានស្លាប់៕