សហរដ្ឋអាមេរិក «ចង់ប្រើពេលមួយឆ្នាំ ដើម្បីរំសាយនុយក្លេអ៊ែរ-មីស៊ីលផ្លោងកូរ៉េខាងជើង» ប៉ុន្តែទីក្រុងព្យុងយ៉ាងធ្លាប់អះអាងថា ការបង្ខិតបង្ខំមិនត្រូវឲ្យកើតមានជាដាច់ខាត!
02-07-2018 10:08
(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានផែនការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង យ៉ាងយូរក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែទីក្រុងព្យុងយ៉ាងធ្លាប់អះអាងថា ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ត្រូវតែធ្វើតាមសម្រួលគ្មានការបង្ខិតបង្ខំជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
លោក John Bolton បង្ហើបពីគំរោងនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ អាមេរិក CBS កាលពីថ្ងៃអាទិត្យ។ លោក Bolton បានលើកឡើងនាឱកាសនោះយ៉ាងដូច្នេះថា «យើងបានបង្កើតកម្មវិធីមួយ ហើយខ្ញុំជឿជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងពិភាក្សាជាមួយក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ក្នុងពេលឆាប់ៗខាងមុននេះ ដើម្បីសម្រេចថា តើត្រូវធ្វើដូចម្ដេចដើម្បីរំសាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ក្នុងរយៈពេលមួយឆ្នាំ»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោក Mike Pompeo នឹងបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាងជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងពិភាក្សា ពីសំណុំរឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង៕