Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្នើឱ្យចិនជួយដកទណ្ឌកម្ម ចេញឱ្យបានឆាប់រហ័ស

01-07-2018 11:42

(តូក្យូ)៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានស្នើឱ្យប្រធានាធិបតីចិន លោក ស៊ី​ ជិនពីង ធ្វើការងាររួមគ្នាដើម្បីបញ្ចប់ ការទណ្ឌកម្មលើប្រទេសរបស់លោក ឱ្យបានកាន់តែឆាប់រហ័ស ស្របពេលសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង សន្យារួមដៃគ្នា រក្សាសម្ពាធ និងទណ្ឌកម្មជាអតិបរាមាប្រឆាំងទីក្រុងព្យុងយ៉ាង រហូតដល់រំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុង។ នេះបើតាម Yomiuri ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨។

សារព័ត៌មានជប៉ុន Yomiuri ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថាការស្នើរបស់លោក គីម ធ្វើឡើងនៅក្នុងជំនួបជាមួយ លោកស៊ី នៅឯទីក្រុងប៉េកាំង កាលពីខែមិថុនាកន្លងទៅ។ សារព័ត៌មានជប៉ុនមួយនេះក៏បានបញ្ជាក់ដែរថា មេដឹកនាំកូរ៉េខាងជើង បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាលោកចង់ឱ្យចិនជួយបិទបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីព្រោះលោកទទួលបាន ជោគជ័យនៅក្នុងជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ តាមអ្វីដែលចិនចង់បាន។

គួរបញ្ជាក់ថា បើតាម Yomiuri លោក ស៊ី ជិនពីង បានប្រាប់លោក គីម ជុងអ៊ុនវិញថាចិននឹងប្រឹងប្រែងជាអតិបរាមា។ លោក គីម បានបំពេញដំណើរទស្សកិច្ចជាលើកទ៣ ទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំ២០១៨នេះ តែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកជួបជា មួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងប្រទេសសិង្ហបុរី៕