ទីបំផុតកូរ៉េទាំងពីរ «ព្រមប្រារព្ធព្រឹត្តិការណ៍កីឡារួមគ្នា នៅទីក្រុងព្យុងយ៉ាង» និងពិភាក្សាពីការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឥណ្ឌូណេស៊ី!
18-06-2018 18:26
(សេអ៊ូល)៖ កិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ នៃប្រទេសកូរ៉េទាំងពីរនៅឯភូមិជាប់ព្រំដែន នាថ្ងៃចន្ទសប្តាហ៍នេះ ដោយជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពរួមគ្នាថា នឹងរួមគ្នាប្រារព្ធព្រឹត្តិការណ៍កីឡានានា រួមទាំងការប្រកួតកីឡាបាល់បោះក្នុងទីក្រុងព្យុងយ៉ាង ព្រមទាំងការពិភាក្សាអំពីការចូលរួមសហការ នៃប្រទេសកូរ៉េទាំងពីរ ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម (Sea Games) នៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែសីហា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ Japan Times នាល្ងាចថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំរវាងមន្ត្រីផ្នែកកីឡា នៃប្រទេសកូរ៉េទាំងពីរនាថ្ងៃចន្ទនេះ គឺជាភាពវិជ្ជមានថ្មីមួយទៀត បន្ទាប់ពីជំនួបកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងកាលពីពេលថ្មីៗនេះ គឺជំនួបជាប្រវត្តិសាស្ត្ររវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ បន្ថែមពីនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏នឹងរួមគ្នាប្រកាសអំពីការផ្អាកសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្នុងសប្តាហ៍នេះផងដែរ៕