កក្រើកជាថ្មី! យន្តហោះចម្បាំងមិនស្គាល់ប្រភព «បើកការវាយប្រហារ និងផ្តាច់ជីវិតមនុស្ស៤០នាក់» នៅភាគខាងកើតស៊ីរី...
18-06-2018 17:41
(ដាម៉ាស)៖ ក្រុមអ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាលស៊ីរីយ៉ាងតិច ៤០នាក់ បានបាត់បង់ជីវិត ដោយសារសកម្មភាពវាយប្រហារតាមផ្លូវអាកាស ដែលត្រូវបានធ្វើឡើងទៅលើមូលដ្ឋានទ័ពស៊ីរី នៅភាគខាងកើតប្រទេសមជ្ឈិមបូព៌ាមួយនេះ។ នេះបើតាមក្រុមអង្កេតការណ៍ស៊ីរី ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
ទីតាំងដែលស្ថិតក្រោមការវាយប្រហារ ត្រូវគេរាយការណ៍ថា គឺជាកម្មសិទ្ធិរបស់ក្រុមលីបង់-ហេបូឡា ព្រមទាំងកងកម្លាំងគាំទ្ររដ្ឋាភិបាលនៅក្បែរព្រំប្រទល់ស៊ីរី-អ៊ីរ៉ាក់ នៅខេត្ត ឌែរ អាល់ហ្សួរ (Deir al-Zour) ភាគអាគ្នេយ៍ស៊ីរី។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានឲ្យដឹងថា អត្តសញ្ញាណរបស់ក្រុមយន្តហោះចម្បាំងខាងលើ ពុំត្រូវបានគេស្គាល់ឡើយ ប៉ុន្តែបានប្រាប់ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារតែក្រុមអ្នកប្រយុទ្ធជាច្រើនទៀត កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងបាត់ខ្លួន។
គួរជម្រាបថា ផ្ទុយទៅវិញកាលពីព្រឹកថ្ងៃចន្ទនេះ ស្ថានីយទូរទស្សន៍រដ្ឋស៊ីរី បានឲ្យដឹងថា ការទម្លាក់គ្រាប់បែកតាមផ្លូវអាកាសខាងលើ ត្រូវបានធ្វើឡើងដោយក្រុមចម្រុះអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយវាបានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ ប៉ុន្តែពុំបានបញ្ជាក់ចំនួនពិតប្រាកដ ឬអត្តសញ្ញាណជនរងគ្រោះឡើយ។
ជុំវិញសេចក្តីរាយការណ៍នេះ ក្រសួងការពារជាតិអាមេរិក បានចេញមុខទាត់ចោលភ្លាមៗ ដោយថា វាពុំមានជាប់ពាក់ព័ន្ធនឹងទីក្រុងវ៉ាស៊ីនតោន ឬក៏ក្រុមចំរុះអន្តរជាតិឡើយ។ យ៉ាងណាមិញ នេះពុំមែនជាលើកទីមួយឡើយ ដែលក្រុមចំរុះអន្តរជាតិ និងអាមេរិក ត្រូវគេសង្ស័យថា បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងយោធារបស់ស៊ីរី នៅខេត្ត ឌែរ អាល់ហ្សួរ (Deir al-Zour)៕