ដូណាល់ ត្រាំ៖ ការបាញ់មីស៊ីល Tomahawk ចំនួន៥៨គ្រាប់ លើមូលដ្ឋានទ័ពស៊ីរី គឺបង្ហាញយ៉ាងច្បាស់ពីវិធីដែលអាមេរិក ឆ្លើយតបការប្រើអាវុធប្រល័យលោក...
13-06-2018 18:27
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកបានអះអាងថា មីស៊ីលតូម៉ាហក (Tomahawk) ៥៨គ្រាប់ ដែលសហរដ្ឋអាមេរិកបាញ់ស្រោចលើមូលដ្ឋានទ័ពអាកាសស៊ីរី កាលពីខែមេសា ឆ្នាំ២០១៧ បានបង្ហាញយ៉ាងច្បាស់ ពីរបៀបដែលទីក្រុងវ៉ាស៊ីនតោន ឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធគីមី និងអាវុធមហាប្រល័យដោយនរណាម្នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
លោក ត្រាំ ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ក្រោយបញ្ចប់ជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន នៅសិង្ហបុរី។ បន្ថែមពីលើនេះ នៅក្នុងបទសម្ភាសន៍នោះ លោក ត្រាំ ក៏បានបញ្ជាក់ឡើងវិញដែរថា មីស៊ីលទាំង ៥៨គ្រាប់ ត្រូវបានបាញ់ចេញ ខណៈលោកកំពុងជួបពិភាក្សាការងារជាមួយប្រធានាធិបតចិន លោក ស៊ី ជិនពីង នៅឯ រម្មណីយដ្ឋាន Mar-a-Lago នៃរដ្ឋ Florida។
ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់គាត់ (លោក ស៊ី) ថា លោកប្រធានាធិបតី... យើងទើបតែបានបាញ់មីស៊ីល ៥៨គ្រាប់ ស្រោចលើមូលដ្ឋានទ័ពអាកាសស៊ីរី ដើម្បីវាយប្រហារលើគោលដៅមួយចំនួន ហើយគាត់បាននិយាយថា សូមនិយាយម្ដងទៀតជាមួយអ្នកបកប្រែរបស់គាត់។ ខ្ញុំបានតបទៅវិញថា ខ្ញុំទើបតែបាញ់មីស៊ីល ៥៨គ្រាប់»។
គួររំលឹកថា ក្រោយមានសេចក្ដីរាយការណ៍ពីការវាយប្រហារដោយអាវុធគីមី ក្នុងទីក្រុង ខាន់ហ្សេកខួន (Khan Sheikhoun) កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យកងទ័ពអាមេរិកបាញ់មីស៊ីល Tomahawk ៥៨គ្រាប់ ចេញពីនាវាមុជទឹក សំដៅលើឃ្លាំងស្ដុកអាវុធគីមីរបស់រដ្ឋាភិបាលស៊ីរី នៅឯមូលដ្ឋានទ័ពអាកាស ហ្សាយីរ៉ាត (Shayirat) នៃខេត្ត ហូមស៍ (Homs) ៕