ក្រុុមជំនាញវៀតណាម នឹងចុះទៅស្រង់យកកំនប់ ពីក្នុងខ្មោចសំពៅចិនមួយគ្រឿង ដែលបានលិចក្នុងសមុទ្រតាំងពីសតវត្សរ៍ទី១៦...
13-06-2018 13:34
(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមកំពុងតែរៀបចំក្រុមជំនាញ ក្នុងការចុះទៅស្រង់យកកំនប់ជាវត្ថុមានតម្លៃជាច្រើន ពីក្នុងសំពៅបុរាណចិនមួយគ្រឿង ដែលបានលិចកាលពីសម័យរាជវង្សមីង (Ming) នៃសតវត្សរ៍ទី១៦ នៅក្នុងទឹកសមុទ្រជាប់ខេត្ត ក្វាងង៉ៃ (Quang Ngai) ភាគកណ្តាលប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
សំពៅខាងលើនេះ ត្រូវបានអាជ្ញាធរវៀតណាមអះអាងថា មានបណ្តោយប្រវែង ២៥ម៉ែត្រ ដែលបច្ចុប្បន្ននេះ កំពុងតែស្ថិតនៅក្នុងជម្រៅទឹកសមុទ្រ ០៩ម៉ែត្រ និងមានចម្ងាយតែ ០៧ ម៉ែត្រប៉ុណ្ណោះ ពីឆ្នេរសមុទ្រនៃខេត្តក្វាងង៉ៃ។ តាមពិតទៅសំពៅនេះ ត្រូវបានរកឃើញដោយចៃដន្យ កាលពីពេលថ្មីៗកន្លងទៅនេះប៉ុណ្ណោះ ដោយក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែសមុទ្រ ដែលកំពុងសិក្សាពីការកសាងកំពង់ផែទឹកជ្រៅ នៅក្នុងតំបន់នេះតែម្តង។
គួរបញ្ជាក់ថា រជ្ជកាលមីងមានរយៈពេល ២៧៦ឆ្នាំ គិតចាប់ពីឆ្នាំ១៣៦៨ នៃគ.ស ដល់ឆ្នាំ១៦៤៤ នៃគ.ស។ នៅអំឡុងនៃរាជវង្សមួយនេះ ប្រទេសចិនមានភាពល្បីល្បាញខ្លាំងខាងផលិតផលិតផលសេរ៉ាមិច និងព័រសេឡែន ហើយសំពៅដែលបានលិចនោះ ត្រូវបានក្រុមជំនាញវៀតណាមជឿជាក់ថា មានផ្ទុកនូវផលិតផលគ្រឿងព័រសេឡែន ដែលជាវត្ថុមានតម្លៃពីបុរាណកាលនោះផងដែរ៕