សារព័ត៌មានរដ្ឋស៊ីរី៖ សហរដ្ឋអាមេរិកហ្នឹងហើយ ជាអ្នកដឹកនាំបង្កើតឆាកល្ខោន នៃការវាយដោយអាវុធគីមី នៅក្នុងទឹកដីស៊ីរី... (Video inside)
30-05-2018 09:38
(ស៊ីរី)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី Sana បានអះអាងថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក គឺជាអ្នករៀបចំគំរោងវាយប្រហារដោយ អាវុធគីមីនៅក្នុងប្រទេសស៊ីរី ហើយប្រទេសមួយចំនួនទៀតដូចជាបារាំង និងអង់គ្លេស ក៏បានចូលរួមក្នុងការរៀបចំឈុតឆាក វាយប្រហារដោយអាវុធគីមីនេះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨។
យោងតាម Sana ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក បាននិងកំពុងបន្តរៀបចំឈុតឆាកវាយប្រហារដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី ហើយការលើកឡើងបែបនេះ ធ្វើឡើងដោយផ្អែកលើគណៈកម្មាធិការជាតិស៊ីរី សម្រាប់ការលុបបំបាត់អាវុធគីមី។ Sana បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់ពួកគេ បាននិងកំពុងបន្តរៀបចំឈុតឆាកវាយប្រហារដោយ អាវុធគីមីប្រឆាំងនឹងជនស៊ីវិល នៅតាមតំបន់មួយចំនួនក្នុងប្រទេសស៊ីរី ដើម្បីចោទប្រកាន់ និងទម្លាក់កំហុសលើរដ្ឋាភិបាលទីក្រុងដាម៉ាស់»។
លើសពីនេះទៅទៀត ទីភ្នាក់ងារសារព័ត៌មានមួយនេះក៏បានបញ្ជាក់ថា ប្រទេសដទៃទៀតដូចជាបារាំង និងអង់គ្លេស ក៏ទំនងជាបាននិងកំពុងចូលរួមជាមួយសហរដ្ឋអាមេរិកផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានបាញ់មីស៊ីលរាប់សិបគ្រាប់លើមូលដ្ឋានជាច្រើន របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលសង្ស័យថា មានលាក់អាវុធគីមី ហើយការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ជនស៊ីវិលជាច្រើននាក់បានស្លាប់ ដោយសារការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុងឌួម៉ា៕