អតីតមន្ត្រីកំពូលអាមេរិក៖ «កូរ៉េខាងជើងទំនងជាមិនព្រមបោះចោលនុយក្លេអ៊ែរឡើយ នៅក្នុងទំនួប ត្រាំ-គីម នៅថ្ងៃទី១២ ខែមិថុនា...» (Video inside)
28-05-2018 09:39
(វ៉ាស៊ីនតោន)៖ អតីតនាយកទីប្រឹក្សាសន្តិសុខជាតិសេតវិមានប្រចាំតំបន់អាស៊ី លោក វិចទ័រ ឆា (Victor Cha) បានបង្ហាញពីការសង្ស័យរបស់លោកថា កូរ៉េខាងជើងទំនងជានឹងមិនអាចបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ នៅក្នុងជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
លោក Victor Cha ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យ។ លោក Cha បានគូសបញ្ជាក់ដូច្នេះថា «កាលពី ៥៦ឆ្នាំមុន កូរ៉េខាងជើងបានចាប់ផ្ដើមអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ ហើយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ពួកគេបាននិយាយថា បានសម្រេចទាំងស្រុងនូវអ្វីដែលពួកគេចង់បាន។ ដូច្នេះរង់ចាំមើលថា នៅបីខែបន្ទាប់តើពួកគេអាចបោះបង់ចោលអ្វីគ្រប់យ៉ាងបាន ដែរឬទេ? តែសម្រាប់ខ្ញុំវាមិនអាចទៅរួចឡើយ...»។
គួរបញ្ជាក់ថា ក្រោយមានភាពតាននឹងពាក្យសម្ដីនឹងគ្នាអស់ជាច្រើនថ្ងៃ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខបញ្ជាក់ជាថ្មីជំនួបកំពូលរវាងលោក និងលោក គីម ជុងអ៊ុន នៅតែអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ក្នុងប្រទេស សិង្ហបុរីដដែល។ ប៉ុន្តែបើតាមលោក Victor Cha អ្វីដែលប្រជាជនកូរ៉េខាងជើងចង់បានបំផុតនោះ គឺសន្ធិសញ្ញាសន្តិភាពជាមួយ សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ជាផ្លូវការ៕