គ្រោះរញ្ជួយផែនដី ៥.៣រ៉ិចទ័រ វាយប្រហារខេត្តភាគខាងកើតជប៉ុន តែមិនបង្កជាស៊ូណាមិនោះទេ...
17-05-2018 11:53
(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥,៣រ៉ិចទ័រ បានវាយប្រហារលើខេត្តជីបា (Chiba) ស្ថិតនៅភាគខាងកើតទីក្រុងតូក្យូ ក្នុងតំបន់ កាន់តូ (Kanto) នៅម៉ោង ១២៖១២នាទី រសៀល (ម៉ោងនៅក្នុងទីក្រុងតូក្យូ)។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន គ្រោះរញ្ជួយដីខាងលើ ញ័រចេញពីក្នុងដីជម្រៅ ៥០គីឡូម៉ែត្រ ប៉ុន្តែមិនមានការព្រមានពីគ្រោះរលកយក្សស៊ូណាមិនោះទេ ហើយក៏មិនទាន់មានការបញ្ជាក់ពីចំនួនជនរងគ្រោះ ឬការខូចខាតដែលអាចកើតមាននៅឡើយដែរ ខណៈគ្រោះរញ្ជួយដីត្រូវបានគេរាយការណ៍ថា បានបង្កការញាប់ញ័រទៅដល់ខេត្តក្បែរខាងខេត្តជីបា (Chiba) មួយចំនួនដូចជា ខេត្ត អ៊ីបារ៉ាគិ (Ibaraki) និង ខេត្តតូជីគី (Tochigi) ផងដែរ៕