Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភរិយា​បណ្តូលចិត្ត លោក ដូណាល់ ត្រាំ ទើបទទួល​ការវះកាត់​ព្យាបាល​ក្រលៀន...

15-05-2018 11:49

(វ៉ាស៊ីនតោន)៖ លោកជំទាវទីមួយរបស់​សហរដ្ឋអាមេរិក គឺ​លោកស្រី មេឡានៀ ត្រាំ (Melania Trump) ត្រូវគេអះអាងថា​ ទើបតែបានទទួល​ការវះកាត់​​ផ្នែក​ក្រលៀន ខណៈសេតវិមាន​អាមេរិក​បានបញ្ជាក់ថា ស្ថានភាពក្រលៀនរបស់លោកស្រី ពុំមាន​ផលប៉ះពាល់ធ្ងន់ធ្ងរ​អ្វីទៀតឡើយ។ នេះបើតាម​ការ​ដកស្រង់ការ​ផ្សាយចេញ​ពីសារព័ត៌មាន BBC នៅព្រឹក​ថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។

បើតាមអ្នកនាំពាក្យ​នៃការិយាល័យ​របស់លោកស្រី ជំទាវទីមួយ​អាមេរិក Melania បានទទួលការវះកាត់​ខាងលើ​ដោយជោគជ័យ ដោយ​ពុំ​មាន​​បញ្ហាអ្វីឡើយ នៅឯមជ្ឈមណ្ឌល​វេជ្ជសាស្រ្តយោធា​ជាតិ Walter Reed ខណៈភរិយា​ប្រធានាធិបតីអាមេរិក​រូបនេះ ដែលស្ថិត​ក្នុង​វ័យ ​៤៨ឆ្នាំ ត្រូវគេរំពឹងថា នឹងត្រូវចំណាយ​ពេលមួយ​សប្តាហ៍នេះ សម្រាកយក​កម្លាំងឡើង​វិញ នៅឯមជ្ឈមណ្ឌល​វេជ្ជសាស្រ្ត Walter Reed ដែល​ស្ថិត​នៅ​តំបន់ Bethesda នៃរដ្ឋ Maryland ជាប់រដ្ឋធានី​វ៉ាស៊ីនតោន។

ជាមួយគ្នានេះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានចេញ​ដំណើរដើម្បីទៅសួរសុខទុក្ខ​ភរិយា​សំណប់ចិត្ត​​របស់​លោក​ ដោយ​ផ្ទាល់​ផង​​ដែរ៕