មិនទាន់ដឹងថា នរណាជាអ្នកប្រព្រឹត្ត! មីស៊ីលជាច្រើនគ្រាប់ «ធ្លាក់ស្រោចលើមូលដ្ឋានទ័ពស៊ីរី ក្នុងទីក្រុង Hama និង Aleppo នាយប់ថ្ងៃអាទិត្យ»
30-04-2018 11:04
(ដាម៉ាស់)៖ កងទ័ពស៊ីរីបានឱ្យដឹងថា មីស៊ីលជាច្រើនគ្រាប់បានធ្លាក់ចំមូលដ្ឋានយោធារបស់ខ្លួនជាច្រើន នៅក្នុងតំបន់ជនបទនៃទីក្រុង ហាម៉ា (Hama) និងទីក្រុង អាឡេប៉ូ (Aleppo) ហើយពួកគេបានចាត់ទុកថា វាគឺជាការឈ្លានពានថ្មីមួយពីសត្រូវរបស់ស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។
ជុំវិញការអះអាងនេះដែរ បើតាមស្ថានីយទូរទស្សន៍រដ្ឋស៊ីរី ការវាយប្រហារដោយគ្រាប់មីស៊ីលខាងលើ បានកើតឡើងនៅម៉ោង ១០៖៣០នាទីយប់ថ្ងៃអាទិត្យ។ ដោយឡែកក្រុមប្រឆាំងស៊ីរី ក៏បានបញ្ជាក់ដែរថា ទីតាំងមួយក្នុងចំណោមទីតាំងរងការវាយប្រហារ គឺជាមូលដ្ឋានកងទ័ពស៊ីរី ដែលគេស្គាល់ថា កងពលធំលេខ ៤៧ ស្ថិតនៅក្បែរទីក្រុង Hama ជាទីត្រូវបានគេជឿជាក់ថា ជាកន្លែងជ្រើសរើស និងបណ្ដុះបណ្ដាលក្រុមអ្នកប្រយុទ្ធស៊ីអ៊ីត ដែលកំពុងគំាទ្រកងកម្លាំងលោកប្រធានាធិបតី បាស្សា អាល់ អាសាដ។
បន្ថែមពីលើនេះ ប្រភពពីស៊ើបការណ៍សំងាត់មួយ ដែលឃ្លាំមើលយ៉ាងដិតដល់នៅក្នុងប្រទេសស៊ីរី បាននិយាយថា ការវាយប្រហារនេះ ទំនងជាមានគោលដៅលើមូលដ្ឋានយោធា របស់ក្រុមអ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ព្រមទាំងបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួសផងដែរ។
ប៉ុន្តែទីក្រុងដាម៉ាស់ មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ហើយគេក៏មិនទាន់ដឹងដែរថា នរណាជា អ្នកនៅពីក្រោយការវាយប្រហារនេះ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ធ្លាប់បានព្រមានកាលពីប៉ុន្មាន សប្ដាហ៍មុនថា ប្រទេសរបស់លោកនឹងបន្តធ្វើសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។
គួររំលឹកជូនថា កាលពីដើមខែមេសា អ៊ីសា្រអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានយោធាមួយកន្លែងរបស់ ក្រុមអ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ហើយទីក្រុងតេហរ៉ង់អះអាងថា ជនជាតិអ៊ីរ៉ង់ ០៧នាក់បានស្លាប់៕